ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទ សប្ដាហ៍នេះ បានអបអរសាទរ លោក វ្ល៉ាឌីមៀ ពូទីន ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ថា ជាកម្លាំងសម្រាប់វឌ្ឍនភាព ខណៈដែលទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូ ជាមួយទីក្រុងប៉េកាំង កាន់តែស៊ីជម្រៅថែម ១កម្រិតទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។

លោកពូទីន បានប្រឈមមុខនឹងការប្រកួតប្រជែងដើម្បីតំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី សម្រាប់រយៈពេល ៦ឆ្នាំទៀត ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាជា ជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដែលជាការត្រួសត្រាយផ្លូវសម្រាប់អតីតចារកម្មក្លាយជាមេដឹកនាំរុស្ស៊ី ដែលកាន់អំណាចយូរបំផុតក្នុងរយៈពេលជាង ២០០ឆ្នាំ។

នៅក្នុងសារអបអរសាទរដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍រដ្ឋរបស់ទីក្រុងប៉េកាំង CCTV លោក ស៊ី ជីនពីង បានប្រាប់លោក ពូទីន ចំពោះការជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីម្ដងទៀតថា «ជ័យជម្នះនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការគាំទ្ររបស់ប្រជាជនរុស្ស៊ីសម្រាប់លោក ពូទីន»។ លោក ស៊ី បានបន្ថែមថា «ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោក រុស្ស៊ីនឹងអាចសម្រេចបានសមិទ្ធិផលកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ និងការកសាងជាតិ»។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា លោក ពូទីន បានសរសើរទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ដោយនិយាយថា «លោក បានប្រាកដណាស់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងពង្រឹង និងកសាងទំនាក់ទំនងរបស់យើង»។ លោកពូទីនបាននិយាយតាមសេចក្តីរាយការណ៍ថា «អ្វីដែលសំខាន់បំផុត គឺផលប្រយោជន៍របស់រដ្ឋ នេះបង្កើតឱ្យមានការដោះស្រាយបញ្ហាទូទៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ»។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ កាន់តែល្អប្រសើរ និងស៊ីជម្រៅ សូម្បីតែការលុកលុយរបស់ ពូទីន ទៅលើទឹកដីរបស់អ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយប្រទេសលោកខាងលិចកាន់តែយ៉ាប់យ៉ឺន។

ទាក់ទិននឹងបញ្ហានេះ ឯកអគ្គរដ្ឋចិនប្រចាំប្រទេសស្វីស បាននិយាយនៅក្នុងការផ្ដល់បទសម្ភាសន៍មួយថា ចិននឹងពិចារណាចូលរួមនៅក្នុងសន្និសីទសន្ដិភាពដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលស្វីសជាប្រទេសអព្យាក្រឹតមានផែនការរៀបចំឡើងនៅប៉ុន្មានខែខាងមុខនេះ។

សូមជម្រាបថា ការឈ្នះសំឡេងគាំទ្រភាគច្រើនលើសលុបក្រោយសម័យសហភាពសូវៀត នៅក្នុងការបោះឆ្នោតក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយពង្រឹងបន្ថែមនូវការក្ដោបក្ដាប់ដ៏តឹងរឹង ដោយបានបង្ហាញថា ទីក្រុងមូស្គូ មានសិទ្ធិក្រោកឈរប្រឆាំងនឹងលោកខាងលិច ហើយរុស្ស៊ីត្រូវតែបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រភព៖ CNA

Share.