សិល្បៈជាតិ៖ ពិត​ជា​មិន​ធម្មតា​មែននៅ​ក្នុង​សប្ដាហ៍​ទី៣ នៃ​រដូវ​កាល​ទីពីរ​ កម្មវិធី Beat The Best បេក្ខជន​មក​ពីខេត្តកណ្ដាល​​ ពេជ្រ រ៉ាស័ក្ដិ កំពុង​តែ​ខាបឆក់ដួងចិត្ត​អ្នក​ទស្សនា​ឱ្យ​លន្លង់លន្លោចនឹង​សំនៀងដ៏សែន​ក្រអួន​ក្រអៅ​ជា​ពិសេស​ រឿង​រ៉ាវជីវិត​ ដ៏​សែន​កម្សត់​ រហូត​អ្នក​ដែល​បាន​ស្ដាប់​ឮ​លួច​ស្រក់ទឹក​ភ្នែក​អាណិត​។

ក្រោយ​ពីទំព័រហ្វេសប៊ុក​​កម្មវិធី​ប្រកួត​ប្រជែង​អ្នក​មាន​សមត្ថភាព​ផ្នែក​ចម្រៀង​ខ្លាំង​ប៉ះខ្លាំង Beat The Best បាន​កាត់​ឃ្លីបវីដេអូ​យក​មក​បង្ហោះ​ធ្វើ​ឱ្យ​រឿង​រ៉ាវ​នៃ​ជីវិត​ពិត​របស់​ បេក្ខជន ពេជ្រ រ៉ាស័ក្ដិ​កាន់​តែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ ព្រោះ​បេក្ខជន​រូប​នេះ​បាន​លើក​យក​បទ​ចម្រៀង «បងផ្ញើ​កូន​ផង​» មក​ប្រកួត​ អាស្រ័យដោយ​រឿង​នេះ​ស្រដៀង​ទៅ​នឹង​ជីវិត​ពិត​របស់​ខ្លួន​។ បើ​តាម​ការ​រៀបរាប់​របស់​បុរស​វ័យ​៣២​ឆ្នាំ​រូប​នេះ​ លោក​និង​ភរិយា​បាន​បែកបាក់​គ្នា​ដោយ​បន្សល់​ទុក​ចំណងដៃ​កូន​ស្រី​តូចៗ​ដ៏​គួរ​ឱ្យ​ស្រលាញ់​ពីរ​នាក់​ ខណៈ​ដែល​លោក​មិន​ទាន់​អាច​បំភ្លេច​អតីត​ភរិយា​បាន​ផង​នោះ​ តែ​ធ្លាយ​ដំណឹង​មក​ថា​ខាង​ស្រី​កំពុង​ត្រៀម​ចូល​រោងការ​។ ត្បិត​ថា​រឿងរ៉ាវ​ជីវិត​របស់​លោក​កម្សត់និង​គួរ​ឱ្យ​អាណិត​​ក្ដី ប៉ុន្តែ​នេះ​គឺជា​កម្មវិធី​ប្រកួតចម្រៀង​អ្វី​ដែល​ត្រូវ​តែ​មាននិង​ផ្តោត​ជា​ចំបង​​គឺ​ទឹកដមសំឡេង​ នេះ​គឺជា​អ្វី​ដែល​គណៈ​កម្មការ​ឆន​ សុវណ្ណរាជ​បាន​សង្កត់​ធ្ងន់។​

នៅពេល​ដែល​បេក្ខជន​រូប​នេះ​បង្ហើ​សំនៀង​ ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ស្ដាប់​ទទួល​ស្គាល់ថាពិត​ជា​អន្លង់អន្លោច​កម្សត់ ​ពិសេស ​ត្រូវ​នឹង​សាច់​រឿងជីវិត​របស់​បេក្ខជន​រូប​នេះ​។ ក្រោយ​បកស្រាយ​ចប់​ និង​ស្ដាប់​មតិ​ណែនាំ​ ពេជ្រ រ៉ាស័ក្ដិ​ ដែល​ពេល​ខ្លះ​ធ្វើ​ការ​ជា​ជាង​សំណង់ផងនោះ​ ត្រូវ​បាន​គណៈកម្មការ​ ៣រូប​ មាន​កញ្ញា សុខ សីឡាលីន​ អ្នក​នាង សួស វីហ្សា និង​ លោក ឆន សុវណ្ណរាជ ផ្ដល់​ឱកាស​ឱ្យ​បន្ត​ក្នុងកម្មវិធី មាន​តែ​អ្នក​នាង ពេជ្រ សោភា មួយ​គត់​ដែល​មិន​ឱ្យ​បន្ត​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណៈ​កម្មាការ​រូប​នេះ​ យ៉ាង​ណា​មិញ​ជាមួយ​នឹង​សំឡេង​គាំទ្រ​៣ទល់​មួយ​ធ្វើ​ឱ្យ​បេក្ខជន​រូប​នេះ​បាន​បន្ត​នៅ​ក្នុង​កម្មវិធី​ជា​បន្ត​ទៀត​។

ងាក​មក​ស្ដាប់​ចំណាប់​អារម្មណ៍​អ្នក​លេង​បណ្ដាញ​សង្គមឯណេះ​វិញ គ្រប់​គ្នា​សុទ្ធតែ​សរសើរចំពោះ​ទឹក​សំឡេង​ដែល​បង្កប់​ទៅ​ដោយ​ទឹក​ដម​​សែន​ពីរោះ​ដែល​មិន​ត្រឹម​តែ​ពីរោះ​ត្រឹម​បទ​ដែល​ត្រូវ​នឹង​សាច់​រឿង​ខ្លួន​នោះ​ឡើយ សូម្បី​តែ​បទ​ចម្រៀង​សម័យ​កំពុង​ល្បីល្បាញ​ ក៏​ពេជ្រ រ៉ាស័ក្ដិ​ អាច​បកស្រាយ​បាន​យ៉ាង​ពីរោះ​ផង​ដែរ។

សូមជំរាបជូន​ថា បេក្ខជនដែល​មាន​ទឹក​ដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​​ ពេជ្រ រ៉ាស័ក្ដិ​ បាន​តស៊ូពុះពារ​ក្នុង​វិស័យ​ចម្រៀងអស់​រយៈ​ពេល​ជាង ​១៤​ឆ្នាំ​មក​ហើយ។ចូល​រួម​ប្រកួត​ប្រជែង​បញ្ចេញ​សមត្ថភាព​លើក​នេះ​ ព្រោះ​តែ​លោក​មាន​ក្ដីស្រម៉ៃចង់​ក្លាយ​ជា​តារា​ចម្រៀងអាជីពនិង​​កុងត្រា​ប្រចាំ​ផលិតកម្មហង្សមាស​ និង​រស្មី​ហង្សមាស​៕

Share.