ការ​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​រដូវក្ដៅ The 2024 Summer Olympics ផ្នែក​កីឡា​តេក្វាន់ដូ (WTF) Asian Qualification Tournament ប្រចាំ​ទ្វីប​អាស៊ី នៅ​ប្រទេស​ចិន បាន​បញ្ចប់​ហើយ​​កាល​ពី​ពេល​ថ្មីៗ ស្រប​ពេល​ដែល​ប្រទេស​ថៃ ជា​សមាជិក​អាស៊ាន តែ​មួយ​គត់​មាន​អត្តពលិក​កក់​សំបុត្រ​យន្តហោះ​ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

កីឡា​តេក្វាន់ដូ WTF មាន​ចំនួន​៨ វិញ្ញាសា សម្រាប់​ប្រកួត​ប្រជែង​ដោយ​​អត្តពលិក​តំណាង​អោយ​ទ្វីប​អាស៊ី Asian Qualification Tournament ទៅ​ប្រកួត​នៅ​អូឡាំពិក រដូវក្តៅ​លើក​នេះ​មាន៖

  • បុរស​ -៥៨Kg ៖ Yaser Ismail (ប៉ាឡេស្ទីន) និង​ Samirkhon Ababakirov (កាហ្សាក់ស្ថាន)
  • បុរស -៦៨ Kg ៖ Banlung Tubtimdang (ថៃ) និង Ali Reza Abbasi (EOR)
  • បុរស -៨០ Kg ៖ Jasurbek Jaysunov (អ៊ូប៊ែគីស្ថាន) និង Batyrkhan Toleugali (កាហ្សាក់ស្ថាន)
  • បុរស +៨០ Kg ៖ Song Zhaoxiang (ចិន) និង Arian Salimi (អ៊ីរ៉ង់)
  • នារី -៤៩ Kg៖ Mobina Nematzadeh (អ៊ីរ៉ង់), Dunya Abutaleb (អារ៉ាប់ប៊ីសាអូឌីត) និង Panipak Wongpattanakit (ថៃ) WT Olympic Rankings (ត្រឹម ៣ ធ្នូ ២០២៣)
  • នារី -៥៧Kg ៖ Laetitia Aoun (លីបង់) និង Kim Yu-jin (កូរ៉េខាងត្បូង)
  • នារី -៦៧ Kg ៖ Sasikarn Tongchan (ថៃ) និង Ozoda Sobirjonova (អ៊ូប៊ែគីស្ថាន)

សម្រាប់​កម្ពុជា បាន​បញ្ជូន​អត្តពលិក​ចំនួន៣រូប​ទៅ​ប្រកួត​ជម្រុះ ដោយ​ក្នុង​នោះ​មាន៖

  • ទី១) ​កីឡាករ វ៉ា មិថុនា ប្រកួត​វិញ្ញាសា បុរស -៨០ Kg ដោយ​វគ្គ​១៦នាក់​ចុងក្រោយ​បាន​យក​ឈ្នះ​​កីឡាករ Wael Al-Farraj (EOR) ដោយ​លទ្ធផល ៦-០, ១២-០ តែ​ចូល​ដល់​​៨ក្រុម​ចុងក្រោយ​បាន​ចាញ់​កីឡាករ Jasurbek Jaysunov (អ៊ូប៊ែគីស្ថាន) ដោយ​លទ្ធផល ១៣-០, ១៣-០។ ចំណែក​កីឡាករ Jasurbek Jaysunov បន្ត​ឈ្នះ​កីឡាករ Saif Taher (អ៊ីរ៉ាក់) ហើយ​មាន​ឈ្មោះ​ទៅ​ប្រកួត​នៅ​ទីក្រុង​ប៉ារីស ជា​បន្ត​តែ​ម្តង។
  • ទី២) កីឡា​ការិនី គ្រី លីដែន ប្រកួត​វិញ្ញាសា​នារី -៤៩ Kg បាន​ប្រកួត​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​នាក់​ចុងក្រោយ ពោល​គឺ​ចាញ់​កីឡា​ការិនី Su Po-ya (តៃវ៉ាន់) ដោយ​លទ្ធផល ១២-០, ១១-៨
  • ទី៣) កីឡា​ការិនី Julie Mam ប្រកួត​វិញ្ញាសា​នារី – ៥៧ Kg បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ពោល​គឺ៖
    – វគ្គ​៨នាក់ចុងក្រោយ ឈ្នះ Mariya Sevostyanova (កាហ្សាក់ស្ថាន) ៨-៦, ៣-២
    – វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ចាញ់​ Kim Yu-jin (កូរ៉េខាងត្បូង) ១៥-៥, ១២-១
    – វគ្គ​ចំណាត់​ថ្នាក់​លេខ៣ ចាញ់​Jessica Canabal (ហ្វីលីពីន) ៣-១, ៣-៤, ៣-១
*បញ្ជាក់៖ អត្តពលិក​ឈ្នះ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ មាន​ឈ្មោះ​ទៅ​ប្រកួត​បន្ត​នៅ 2024 Summer Olympics ក្នុង​ទីក្រុង​ប៉ារីស ហើយ​អ្នក​ចាញ់​ត្រូវ​ប៉ះ​អ្នក​ចាញ់​ដូចគ្នា ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣

ខាងក្រោមជា​វីដេអូវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ​ របស់កីឡា​ការិនី Julie Mam របស់កម្ពុជា៖

សូម​បញ្ជាក់​ថា​ការ​កំណត់​កូតា​ឡើង​ទៅ​ប្រកួត​កីឡា​អូឡាំពិក​រដូវកាល​ក្តៅ នៅ​ទីក្រុង​បារីស គឺ​យក​អត្តពលិក​តេក្វាន់ដូ WTF ចំនួន​១៦​នាក់ តាម​វិញ្ញាសា​នីមួយៗ​ទាំង​៨ ពោល​គឺ​៖
ទី១) WT Olympic Rankings ៖ រាប់​​ត្រឹម ៣ ធ្នូ ២០២៣ ​​កំណត់​យក​ចំនួន​៥​នាក់
ទី២) WT Grand Slam Series Rankings៖ កំណត់​យក​១នាក់
ទី៣) African Qualification Tournament៖ កំណត់​យក​២នាក់
ទី៤) European Qualification Tournament៖ កំណត់​យក​២នាក់
ទី៥) Asian Qualification Tournament៖ កំណត់​យក​២នាក់
ទី៦) Oceania Qualification Tournament៖ កំណត់​យក​១នាក់
ទី៧) Pan American Qualification Tournament៖ កំណត់​យក​២នាក់
ទី៨) Host nation / Universality places៖ កំណត់​យក​១នាក់

កីឡា​តេក្វាន់ដូ WTF មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េខាងត្បូង ដូច​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៨៨ គ្រា​ដែល​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្នុង​នាម​ជា​​ប្រភេទ​កីឡា​​សម្រាប់​បង្ហាញ (Demonstration) រហូត​ដល់​ឆ្នាំ​អូឡាំពិក​ឆ្នាំ​២០០០ ក្នុង​ប្រទេស​អូស្ត្រាលី កីឡា​នេះ​បាន​ដាក់​អោយ​ប្រកួត​ជា​ផ្លូវការ មក​ទល់​បច្ចុប្បន្ន។

កីឡា​ការិនី Panipak Wongpattanakit របស់ថៃ ឈ្នះមេដាយមាស ក្នុងកីឡាអូឡាំពិក ឆ្នាំ​២០២០ នៅ​ជប៉ុន

ប្រទេស​ថៃ ធ្លាប់​ឈ្នះ​មេដាយ កីឡា​តេក្វាន់ដូ WTF ក្នុង​កីឡា​អូឡាំពិក​រហូត​ដល់​៦គ្រឿង ក្នុង​នោះ​មេដាយ​មាស​១ ប្រាក់​២ និង​សំរឹទ្ធ៣ ខណៈ​ប្រទេស​អាស៊ាន​​ទី២ គឺ​​វៀតណាម ​ដែល​ឈ្នះ​មេដាយ​ក្នុង​ប្រភេទ​កីឡា​តេក្វាន់ WTF នៅ​អូឡាំពិក ក្នុង​ឆ្នាំ​២០០០ ហើយ​នេះ​ក៏​ជា​មេដាយ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​របស់​វៀតណាម ផង​ដែរ។ កាល​នោះ​រក​បាន​ដោយ​កីឡា​ការិនី Trần Hiếu Ngân ប្រកួត​វិញ្ញាសា​នារី ៥៧Kg។

កីឡា​ការិនី Trần Hiếu Ngân របសវៀតណាម
បញ្ជីឈ្មោះបណ្តោះអាសន្នពីប្រទេសដែលកក់កៅអីទៅប្រកួតអូឡាំពិកនៅប៉ារីស ផ្នែកតេក្វាន់ដូ WTF

ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ រៀប​ចំ​​ឡើង​រាល់​៤ឆ្នាំ​ម្តង ខណៈ​ការ​ប្រកួត​លើក​ទី​​៣៣​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គ្រោង​ដំណើរការ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី១១ សីហា ឆ្នាំ​២០២៤ ដែល​ដាក់​កីឡា​ចំនួន​៣២ មាន​៣២៩​វិញ្ញាសា អោយ​អត្តពលិក​ប្រមាណ​១០,៥០០នាក់​ចូលរួម​ប្រកួត​ប្រជែង៕

Share.