ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង និង​ក្រៅ​ស្រុក​ជាង​៣០​ស្ថាប័ន នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ​២០២៤ នេះ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​ពី​គោលនយោបាយ​ទេសចរណ៍​ចំនួន​៨​ចំណុច ដែល​កំពុង​អនុវត្ត ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ ក្រោយ​ញាំញី​ដោយ​វិបត្តិ​កូវីដ​-​១៩​។ គោលនយោបាយទាំង៨នោះរួមមាន៖

យុទ្ធសាស្ត្របង្កើន៥ ចំណុច

១. បង្កើន​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ

២. បង្កើន​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​លើ​អន្តរជាតិ

៣. បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ពង្រឹង​បដិសណ្ឋារកិច្ច

៤. បង្កើន​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍

៥. បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍

កិច្ចការ​ទាំង​៥​ខាង​លើ​ជោគជ័យ លុះត្រាតែ​អភិវឌ្ឍ ៣ ចំណុច​ខាង​ក្រោម

៦. អភិវឌ្ឍ​ធនធាន​មនុស្ស ដែល​បម្រើ​ដល់​តម្រូវការ​ទេសចរណ៍

៧. ការ​រៀបចំ​រចនាសម្ព័ន្ធ​ស្ថាប័ន គាំទ្រ​ដល់​វិស័យ​ទេសចរណ៍

៨. ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្ម​លើ​វិស័យ​ទេសចរណ៍

ដើម្បី​កាន់​តែ​លម្អិត សូម​ទស្សនា​បទសម្ភាសន៍​ជា​មួយ​ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៖

តាម​រយៈ​គោល​នយោបាយ​ខាង​លើ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​រូប​នេះ បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ក្នុង​ឆ្នា ២០២៤ ​ថា អាច​នឹង​កើន​ឡើង​រហូត​ដល់​ស្មើ ឬ​ទាប​ជាង​ឆ្នាំ ២០១៩ តិចតួច​ប៉ុណ្ណោះ​។ យោងទៅតាម​របាយការណ៍​ក្រសួង​ទេសចរណ៍ កាល​ពី​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង ៦ ៦១០ ០០០ នាក់ ក្នុង​នោះ​បែង​ចែក​ជា តំបន់​រាជធានី​ភ្នំពេញ ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន ​៤ ៤០៤៨៩៥ ​នាក់ ស្មើនឹង​៥៥.៨​ភាគរយ នៃ​ចំនួន​សរុប​។ តំបន់​សៀមរាប​អង្គរ ទទួល​បាន​ទេសចរ​អន្តរជាតិ ចំនួន ​២ ២០៥ ៦៩៧ ​នាក់ ស្មើនឹង​២៧.៩​ភាគរយ នៃ​ចំនួន​សរុប។ តំបន់​ឆ្នេរ​សមុទ្រ ទទួល​បាន​ទេសចរ​អន្តរជាតិ ចំនួន ​១ ២០៤ ៣៧៤​ នាក់ ស្មើនឹង​១៥.៣​ភាគរយ នៃ​ចំនួន​សរុប​។ ក្រៅ​ពី​នេះ​នៅ​មាន​នៅ​តាម​តំបន់​អេកូ​ទេសចរណ៍ និង​ទីតាំង​ទេសចរណ៍​តាម​បណ្ដា​ខេត្ត​នានា​ផ្សេង​ទៀត​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.