ទេសចរណ៍​ចិន និង​ឥណ្ឌា​ក្លាយ​ជា​គោល​ដៅ​ត្រូវ​ចាប់ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំ ២០២៤ នេះ​។ សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ​កំពុង​ប្រកួត​ប្រជែង​យ៉ាង​ញាប់​ដៃ​ញាប់​ជើង ដើម្បី​ទាញ​យក​ភ្ញៀវ​ទេសចរ​ចិន ខណៈ​ទេសចរ​ឥណ្ឌា​គឺ​ជា​ជំហាន​បន្ទាប់​។

ចំណែក​ឯ​កម្ពុជា​វិញ ហាក់​ដូច​ជា​យឺតយ៉ាវ​ក្នុង​ការ​ត្រៀម​ខ្លួន​បន្តិច ប៉ុន្តែ​កម្ពុជា​ក៏​មិន​ព្រងើយ​កន្តើយ​ដែរ​។ បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កម្ពុជា​កំពុង​ចរចា​ជា​មួយ​ឥណ្ឌា ដើម្បី​រៀបចំ​ជើង​ហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​កាន់​ក្រុង​ញីវដេលី ដើម្បី​ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន ខណៈ​កម្ពុជា​មាន​ជើង​ហោះហើរ​ផ្ទាល់​ជា​មួយ​ចិន​ហើយ​។

ឯកឧត្ដម សុខ សូកេន បញ្ជាក់​ថា ចិន និង​ឥណ្ឌា​គឺ​ជា​ទីផ្សារ​ទេសចរណ៍​អាទិភាព​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០២៤ ក្រៅ​ពី​នេះ​មាន​អាស៊ី​បូព៌ា និង​អឺរ៉ុប ជា​ទីផ្សារ​អាទិភាព​បន្ទាប់​។ ជា​មួយ​គ្នា​នេះ​ដែរ កម្ពុជា​ក៏​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​លឿន ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា ដែល​អាច​នឹង​មាន​កំណើន​ខ្ពស់​នៅ​ពេល​ខាង​មុខ​។

ការ​បញ្ជាក់​របស់​ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៤​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​សរសេរ​ជា​ភាសា​អង់គ្លេស ក្រសួង​ទេសចរណ៍​កាល​ពី​ចុង​អាណត្តិ​មុន ធ្លាប់​លើក​ឡើង​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​ថា នៅ​ឆ្នាំ ២០២៤ នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជា ៥ ៦០០ ០០០ នាក់​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.