ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៖០០នាទីរំលងអាធ្រាត្រ កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៣នាក់ ដកហូតគ្រឿងញៀនជាង២គីឡូក្រាម។

ប្រតិបត្តការណ៍នេះ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណីជួញដូរ រក្សារទុក សម្រួលឱ្យប្រើប្រាស់ និងសមគំនិតក្នុងអំពើសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ខារ៉ាអូខេឈ្មោះ Hua do KTV Club House ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបទីតាំងការ៉ាអូខេខាងលើ​ កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើស ៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ទី១ ឈ្មោះ  Chen Yongkang ភេទប្រុស ជនជាតិ ចិន អាយុ៣០ឆ្នាំ។ ទី២ឈ្មោះ Chen Yanan ភេទស្រី ជនជាតិចិន អាយុ៣៩ឆ្នាំ និងទី៣ឈ្មោះ  Fan Gaoyun ភេទស្រី ជនជាតិចិន អាយុ៤១ឆ្នាំ។

ចំពោះវត្ថុតាងចាប់យកបានមាន៖ សារធាតុញៀន ប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧ក្រាម។ សរុបរួមសារធាតុញៀនទាំងអស់ទម្ងន់២គីឡូ នឹង០.៩៨ក្រាម៕

អត្ថបទ៖ ចតុមុខ

Share.