នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប។

សូមចុចអាន៖ ម៉ូតូហុងដាឌ្រីមហ្វ្រាំងមិនទាន់ជ្រុលបុ.កម៉ូតូ ZOOMER ជិះឆ្លងផ្លូវ របួសធ្ង.ន់ម្នាក់

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចុះកាលបរិច្ឆេទថ្ងៃទី២១ ខែមីនា ២០២៤ របស់សាលាដំបូងខេត្តសៀមរាបបានបន្ដថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២ រូបខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ 

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនបន្ថែមថា សាលាដំបូងខេត្តសៀមរាបនឹង បន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។ សាលាដំបូងខេត្តសៀមរាបនឹងជម្រាប ជូនព័ត៌មានជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងរបបសារព័ត៌មានទាំងអស់មេត្តាជ្រាប តាមការគួរ។

Share.