ម្ចាស់​ជើង​ឯក​​នៅ​ក្នុង​ព្រឹត្តិការន៍ M5 World Champions គឺក្រុម AP Bren បានបញ្ជាក់ជាផ្លូវការថា Brody គឺ​ជា​តួអង្គរវីរបុរសដែលពួកគេបានជ្រើសរើស តំណាង M5 Champion Skin ដើម្បី​សហការ​រចនា​ជា​មួយ​អ្នកអភិវឌ្ឍន៍ហ្គេមអន្តរជាតិ និងអ្នកបោះពុម្ពផ្សាយ MOONTON Games។

ក្រុមAP Bren ត្រូវបានផ្តល់ឱកាសឱ្យធ្វើការជាមួយ Mobile Legends: Bang Bang maker ក្នុង​ការ​ជ្រើសរើស​ហេរ៉ូ​តំណាង ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត ក្នុង​ការ​ប្រកួត​កន្លង​មក ដែល​ជាផ្នែក​មួយ​នៃ​អត្ថ​ប្រយោជន៍​សម្រាប់ការឈ្នះការប្រកួត MLBB ដ៏ធំបំផុត​របស់​ពិភពលោក​ដែល​រៀប​ចំនៅ​ប្រទេសហ្វី​លីពីន​កាល​ពីខែធ្នូ ឆ្នាំ២០២៣ កន្លង​ទៅ។

លោក Jab Escutin នាយករបស់​ក្រុម​ AP Bren បាន​លើកឡើង​ថា៖ យើងមានអារម្មណ៍ថា Brody គឺជា​ផ្នែក​មួយ​ដ៏ធំ​នៃភាព​ជោគ​ជ័យ​របស់​យើងនៅក្នុងការ​ប្រកួត​ M5 ។ ហេរ៉ូ​មួយ​នេះបាន​ជួយក្រុម​របស់​យើង​បាន​ច្រើន​ក្នុង​ជ័យ​ជម្នះ​ ហើយ​ទីបំផុតបានជួយរក្សាតំណែង​ជើង​ឯកជា​ច្រើន​សម័យ​កាល​របស់​ក្រុម​​មកពី​ហ្វីលីពីន ក្នុង​ការ​ប្រកួត​លំដាប់​ពិភព​លោករបស់ MLBB។

លោក Jab Escutin បន្តថា៖ យើងចង់ឱ្យវីរបុរសនេះតំណាងឱ្យភាពជោគជ័យ​របស់ក្រុម​យើង​នៅ​ក្នុង​ហ្គេម និង​សម្រាប់ពួកយើង ពិសេស​សម្រាប់​អ្នក​គាំទ្រ​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​នោះ​ដោយ​ការ​ធ្វើការ​រចនា M5 Champion Skin សម្រាប់​អ្នក​គាំទ្រ​របស់​ពួក​យើង​។

រំលឹក​ថា ក្នុងឆ្នាំ២០១៩ ក្រុម​ EVOS Legends របស់​ប្រទេស​ឥណ្ឌូនេស៊ីដែល​ជា​ម្ចាសើ​ជើង​ឯក​ បានជ្រើសរើសហេរ៉ូ Harith ដែល​តំណាង​ក្រុម​ជ័យ​ជម្នះ ជើងឯក M Champion។ ទន្ទឹមនឹងនេះដែរ ក្រុម​ Bren Esports របស់ហ្វីលីពីនបានជ្រើសរើស Lancelot បន្ទាប់ពីឈ្នះ M2 និង ក្រុម Blacklist International បាន​ជ្រើសរើស Estes បន្ទាប់ពីឈ្នះ M3 ។ កាលពីឆ្នាំមុនក្រុម Echo របស់​ហ្វីលីពីន បានសហការរចនា Skin សម្រាប់ Chou ដែល​ជា​ហេរ៉ូ​សម្រាប់​ក្រុម​ខ្លួន​ពេញចិត្ត៕

Share.