ពីធីបើកការប្រកួតកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ,ក្បាច់គុនល្បុក្កតោ និង ក្បាច់គុន បញ្ច​ស៊ីឡាត់​កម្ពុជា បាន​បានធ្វើឡើងនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំ​ជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោម​វត្តមាន​របស់​ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡា យោធភូមិភាគទី៥ កាល​ពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

លោក សេង ធារិន បាន​មាន​ប្រសាសន៍ថា ការរៀបចំពីធីប្រកួតកីឡាក្បាច់គុន មិត្តភាព ទាំង ៣ប្រ​ភេទ​កីឡានេះ ក៏ជាសកម្មថ្មីលើកទី១ សម្រាប់អង្គភាពយោធភូមិភាគទី៥ ហើយ​និង​ឈាន​ទៅ​រៀប​ចំការប្រកួតបន្ថែមទៀត ដើម្បីឲ្យស្របតាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ក្នុង​ការ​ប្រែក្លាយ​ទស្សនវិស័យឱ្យ​ទៅជា​សកម្មភាព​ជាក់​ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺ​បង្រៀនឱ្យ​អ្នកចេះ​ក្បាច់គុនពិត​ប្រាកដប្រព្រឹត្ត​ខ្លួន​ជាមនុស្ស​ប្រកប​ដោយ​វិន័យ គុណធម៌ថ្លៃថ្នូរ ប្រកបដោយថាមពល ដើម្បីជាឆ្អឹងខ្នងដ៍រឹងមំា នៃ​ការកសាងសមត្ថភាព​យោធិនគ្រប់រូប និងជាខឿនការពារជាតិមាតុភូមិ និងប្រជាជន។

លោក សេង ធារិន បាន​បន្ត​ថា ការប្រកួតកីឡាក្បាច់គុន មិត្តភាពនេះ មានសមាសភាពកីឡាករ មកពីសាលាគុន​កងពលតូច​ថ្មើរ​ជើង​លេខ៥១ ខេត្តបន្ទាយមានជ័យ សាលាគុនល្បុក្កតោរាជធានីភ្នំពេញ ខេត្តកំពុងឆ្នាំង និង​ខេត្ត​សៀមរាប ដែលជាកីឡាករធ្លាប់បានប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិ ក្នុង​ព្រឹត្តការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក។

លោក​បាន​បន្ថែម​ថា គោលបំណងនៃការប្រកួតនេះ ដើម្បីធ្វើការ​ដកបទពិសោធន៍​បច្ចេកទេស​ចលនា​ប្រយុទ្ធ ធ្វើសំយោគ តាមបែបវិទ្យាសាស្រ្ត ក្នុងការវិវត្តន៍ខ្លួន តាមបរិបទ​នៃការ​រីកចម្រើន​វិស័យ​កីឡា ប្រកបដោយកាលានុវត្តន៍ភាព។

លោក សេង ធារិន ប្រធានកីឡាកងទ័ពយោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធ​កីឡាបញ្ចស៊ីឡាត់​កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានសមានចិត្តក្នុងការចូលរួមលើកស្ទួយវិស័យកីឡាក្បាច់គុន កង​យោធ​ពល​ខេមរភូមិន្ទ ដោយបានបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមកសាងសាលាគុន មួយកន្លែង នៅ​ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តាមលក្ខណៈស្តង់ដា សំដៅលើកស្ទួយធនធានមនុស្ស ទាំង​កីឡាករ ចៅក្រម អាជ្ញារកណ្តាល ដើម្បីឆ្លើយតមនូវសេចក្តីត្រូវការចំពោះមុខ និង​បន្ត​អភិវឌ្ឍន៍​ខ្លួន​ទៅមុខប្រកបដោយចីរភាព៕

Share.