ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងទិសដៅអនុវត្តរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធសរុប៥៥រូប នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ណែនាំលើការងារចំនួន៩ចំណុច ដល់មន្ត្រីពាក់ព័ន្ធអនុវត្តក្នុងពន្ធនាគារ ដូចជា ៖

១.គ្រប់អង្គភាពទាំងអស់ត្រូវគោរពវិន័យ, ២. ត្រូវមានអនាម័យផាសុខភាព រក្សាបរិស្ថានស្អាតនៅកន្លែងការងារ, ៣. ពិនិត្យរបបអាហារជនជាប់ឃុំអោយមានជីវជាតិគ្រប់គ្រាន់ស្របតាមស្តង់ដាអាហារ, ៤. បង្កើតច្រកសុវត្ថិភាពដើម្បីបំលាស់ទីចេញពីអគារក្នុងពេលមានអាសន្ន អគ្គីភ័យ (ល..), ៥. បំពេញបន្ថែមក្របខណ្ឌមន្រ្តីសុខាភិបាល, ៦. រៀបចំប្រភពទឹកនៅពេលដែលមានបញ្ហាកំដៅកើនឡើងខ្លាំង ព្រោះកំដៅកើនឡើងខ្លាំងបណ្តាលឲ្យប៉ះពាល់ដល់សុខភាពជនជាប់ឃុំ, ៧. កែសម្រួលបន្ថែមនូវកិច្ចការងាររដ្ឋបាល, ៨. ពង្រឹងបន្ថែមការឆែកឆេរទូរស័ព្ទ និងវត្ថុហាមឃាត់ផ្សេងៗ, ៩. បង្កើតវីដេអូឯកសារស្តីពីការរីកចម្រើនរបស់អតីតជនជាប់ឃុំក្រោយពួកគាត់ត្រូវបានដោះលែងចូលក្នុងសហគមន៍វិញ។

ជាមួយគ្នានោះ ឯកឧត្តម អគ្គនាយក បានលើកកោតសរសើរពន្ធនាគារខេត្តបាត់ដំបង ក្នុងការបង្កើតឱ្យមានទឹកស្អាត និងប្រព័ន្ធចង្រ្កានហ្គាសសុវត្ថិភាព សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕

អត្ថបទ៖ សង្គម

Share.