កំពង់ឆ្នាំង ៖ ក្មេងប្រុសសិស្សសាលាម្នាក់ រអិលជើងធ្លាក់ចូលក្នុងស្រះទឹក ក្នុងបរិវេណសាលា បណ្តាលឱ្យលង់ស្លាប់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្មេងប្រុសរងគ្រោះមាន ឈ្មោះ ខន ចាន់វឌ្ឍនា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី7A មានឪពុកឈ្មោះ សិន ហុកនី និងម្តាយឈ្មោះ ហីម សុធារី រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះ មានគ្នា៣នាក់ដើរទៅលេងមាត់ស្រះ ហើយក្មេងរងគ្រោះបានចុះទៅមាត់ទឹក ស្រាប់តែរអិលជើងធ្លាក់ចូលក្នុងស្រះ មិនចេះហែលទឹកផង ក៏លង់ ឃើញដូច្នោះ ក្មេង២នាក់ទៀតរត់ទៅប្រាប់គ្រូ ផ្អើលឆោឡោ អ្នកភូមិ សមត្ថកិច្ច ចុះស្រង់បាន តែអកុសលបានស្លាប់បាត់ទៅហើយ ។

សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ឃើញថាស្លាប់ដោយលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.