ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តឡិចសុីសមួយគ្រឿងបើកបុកប៉ើង ផ្លោងជាង២០ម៉ែត្រ ទៅបោកផ្ទប់បង្គោលស្លាកប៉ាណូ ។

ហេតុការណ៍ខាងលើកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវបេតុងវត្តគោកខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៤។

សូមចុចអាន៖ បុរសម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗក្រោយបើកម៉ូតូល្បឿនលឿនបុកខឿនពុះចែកទ្រូងផ្លូវ

ជនរងគ្រោះមានឈ្មោះ ចាំង ទឺជីង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន ស្នាក់នៅរោងចក្រ ក្បែរកន្លែងកើតហេតុ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-8126 ធ្វើធំណើរ តាមផ្លូវបេតុងវត្តគោកខ្សាច់ ពីលិចទៅកើត ឆ្លងកាត់ផ្លូវ៦០ម៉ែត្រ ស្រាប់តែមានរថយន្តឡិចសុីសមួយគ្រឿង បើកបរល្បឿនលឿនតាមបណ្តោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើង បុកប៉ើងផ្លោងជាង២០ម៉ែត្រ បោកផ្ទប់បង្គោលស្លាកប៉ាណូ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ បន្តធ្វើការស្រាវជ្រាវ ៕

Share.