ដោយសារ​ស្ថានភាព​ភូមិ​សាស្ត្រ​អំណោយផល ដី​កសិកម្ម​មាន​ជីជាតិ និង​ការ​មិន​ទាន់​ជ្រាប​ចូល​ពោរពាស​ជី និង​ថ្នាំ​គីមី​កសិកម្ម ខេត្ត​ព្រះវិហារ​ត្រូវ​បាន​ចាត់​ជា​ខេត្ត​កសិកម្ម​សរីរាង្គ​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​។ នេះ​ជា​ការ​លើក​ឡើង​ដូច​គ្នា​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​កសិកម្ម និង​សហគមន៍​កសិកម្ម​។

លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ លោក ពឹង ទ្រីដា ពន្យល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​កសិកម្ម​ក្នុង​ខេត្ត​ព្រះវិហារ​ដូច្នេះ​ថា ខេត្ត​ព្រះវិហារ​មាន​សណ្ឋាន​ដី​លក្ខណៈ​ខ្ពង់រាប អំណោយផល​ដល់​ក្សេត្របរិស្ថាន ឬ​កសិ-អេកូឡូស៊ី ដោយ​មាន​ស្ទឹង​សែន​ហូរ​កាត់​៦​ស្រុក និង​មាន​ដៃ​ស្ទឹង​ខណ្ឌ​ចែក​សណ្ឋាន​ដី​ជា​ដុំ ងាយ​ស្រួល​គ្រប់គ្រង​។ ព្រៃឈើ និង​ផ្លូវ​ទឹក​បាន​នាំ​មក​នូវ​ជីជាតិ​យ៉ាង​ល្អ អំណោយ​ផល​ដល់​ដំណាំ​កសិកម្ម​ធម្មជាតិ មិន​ចាំ​បាច់​ប្រើ​ជី ឬ​ថ្នាំ​គីមី​បំប៉ន​ដំណាំ​ឡើយ ដូច្នេះ​ការ​ដាំដុះ​គឺ​មាន​លក្ខណៈ​សរីរាង្គ​ស្ទើរ​ទាំង​ស្រុង​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ដំណាំ​កសិកម្ម​សរីរាង្គ​ដែល​កំពុង​មាន​សក្ដានុពល​ជាង​គេ គឺ​ដំណាំ​ស្រូវ ដែល​ផ្ទៃ​ដី​ជាង ១ម៉ឺន​ហិចតា ដោយ​ទិន្នន័យ​នេះ​បាន​ពី​ការ​វាយ​តម្លៃ​ដោយ​ក្រុមហ៊ុន​ឯករាជ​មួយ ធ្វើ​ឡើង​តាម​ការ​ស្នើ​ពី​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ក្រៅ​ពី​ស្រូវ​សរីរាង្គ ខេត្ត​ព្រះវិហារ​ក៏​នៅ​មាន​ដំណាំ​កសិឧស្សហកម្ម​សរីរាង្គ​ដទៃ​ទៀត​ដូច​ជា ស្វាយចន្ទី និង​ដំឡូងមី​ជា​ដើម​ផង​ដែរ​។

បច្ចុប្បន្ន​នេះ ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​តម្លៃ និង​ចំណូល​បន្ថែម ព្រម​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​កសិកម្ម​ប្រជាកសិករ​ខេត្ត​ព្រះវិហារ​បាន​ចងក្រង​ជា​សហគមន៍​បាន ៤៣ សហគមន៍ មាន​ប្រមាណ​ជាង​១​ម៉ឺន​គ្រួសារ ក្នុង​នោះ​សហគមន៍​ចំនួន ៣៣ បាន​ចុះ​កិច្ចសន្យា​ជា​មួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​ផលិត​កសិផល​សរីរាង្គ​។

បើ​ទោះបី​ជា​មាន​កត្តា​អំណោយផល ដូច​បាន​លើក​ឡើង​ខាង​ក្ដី កសិកម្ម​សរីរាង្គ​ក្នុង​ខេត្ត​ព្រះវិហារ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​លួច​ប្រើប្រាស់​ជី និង​ថ្នាំ​គីមី​កសិកម្ម ដែល​កសិករ​មួយ​ចំនួន​ចេះ​តែ​ឆ្លៀត​ឱកាស​ប្រ ​ដើម្បី​ទទួល​បាន​ទិន្នផល​ច្រើន​។ បញ្ហា​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ដែល​ចុះ​កិច្ចសន្យា​ទិញ​កសិផល​ពី​សហភាព​សហគមន៍​​កសិកម្ម​ព្រះវិហារ​មាន​ជ័យ រអ៊ូរទាំ​ទៅ​កាន់​កសិករ និង​ស្នើ​ឲ្យ​កសិករ​គោរព​ទៅ​តាម​កិច្ចសន្យា និង​លក្ខខណ្ឌ​ដែល​បាន​កំណត់ ដើម្បី​ផលិត​កសិផល​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​សរីរាង្គ​អន្តរជាតិ​។

សូម​ជម្រាប​ផង​ដែរ​ថា សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ ជា​បណ្ដុំ​សហគមន៍​ធំ​មួយ​នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​សមាជិក​ប្រមាណ​៤៣​សហគមន៍​នៅ​ក្នុង​នោះ​។

លោក នួន ដេ ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ

ពាក់ព័ន្ធ​នឹង​បញ្ហា មិន​អនុវត្ត​តាម​គោលការណ៍​កសិកម្ម​សរីរាង្គ ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ ខេត្ត​ព្រះវិហារ លោក នួន ដេ បាន​ពន្យល់​ពី​វិធានការ​ចំនួន​ពីរ គឺ​ទី​មួយ ប្រសិន​បើ​កសិករ​ណា ឬ​សហគមន៍​កសិកម្ម​ណា​ដែល​មិន​គោរព​ទៅ​តាម​កិច្ច​សន្យា និង​គោលការណ៍​កសិកម្ម​សរីរាង្គ សហគមន៍ ឬ​សហភាព​សហគមន៍​នឹង​ដក​ផលិតផល​កសិកម្ម​នោះ​ចេញ​ពី​កិច្ច​សន្យា និង​បន្ត​ណែនាំ​រហូត​ដល់​កសិករ ឬ​សហគមន៍​នោះ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​វិញ​ទើប​បញ្ចូល​ក្នុង​កិច្ច​សន្យា​សា​ជា​ថ្មី​។ ករណី​ថា កសិករ ឬ​សហគមន៍​ដែល​មិន​ព្រម​គោរព​តាម​គោលការណ៍ ឬ​ប្រព្រឹត្ត​កំហុស​ដដែលៗ សហភាព ឬ​សហគមន៍ នឹង​ព្យួរ ឬ​ដក​សមាជិកភាព​តែ​ម្ដង​។ ប៉ុន្តែ​បើ​សិន​ជា​សមាជិក​នោះ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​ត្រូវ​តាម​គោលការណ៍ គេ​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ឡើង​វិញ​។ ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ​ថា ធ្វើ​បែប​នេះ​ដើម្បី​ពង្រីក​ស្មារតី​សហគមន៍​កសិករ​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ ព្រោះ​វា​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាកសិករ​។

ការ​ប្រើប្រាស់​ធាតុ​គីមី​កសិកម្ម​អាច​មក​ពី​មូលហេតុ​កង្វះ​ទំនុក​ចិត្ត​លើ​ផល​កសិកម្ម​របស់​ខ្លួន និង​បារម្ភ​ខ្លាច​កសិផល​របស់​ខ្លួន​មិន​បាន​ដល់​តម្រូវ​កាល​ដែល​កំណត់ ខណៈ​ដី​បង្ក​បង្កើន​ផល​ចេះ​តែ​ខ្សោះ​ជីជាតិ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

លោក គង់ រ៉ាដា ប្រធានគម្រោង​វិវឌ្ឍនាការ​កសិ​អេកូឡូស៊ី និង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀង​អាហារ​នៅ​អាស៊ីអាគ្នេយ៍

ដើម្បី​គាំទ្រ​ដល់​កសិកម្ម​សរីរាង្គ និង​ជួយ​ដោះស្រាយ​បញ្ហា​ខាង​លើ​ជូន​កសិករ គម្រោង​វិវឌ្ឍនាការ​កសិ​អេកូឡូស៊ី និង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀង​អាហារ​នៅ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ASESET បាន​នាំ​មក​នូវ​វិធីសាស្ត្រ​រក្សា​គុណភាព​ដី​កសិកម្ម និង​កំពុង​បញ្ជ្រាប​ចំណេះដឹង​នេះ​ដល់​កសិករ​កម្ពុជា ក៏​ដូចជា​សហគមន៍​កសិកម្ម​នៅ​ខេត្ត​ព្រះវិហារ​ដែល​ជា​ខេត្ត​គោលដៅ​មួយ គឺ​គម្រោង​ដំណាំ​គម្រប​ដី​។

ប្រធាន​គម្រោង ASESET លោក គង់ រ៉ាដា លើក​ឡើង​ថា ដំណាំ​គម្រប​ដី មាន​សារៈ​សំខាន់​ណាស់​ក្នុង​កែប្រែ ការ​រក្សា និង​បង្កើន​ជីជាតិ​ដី​កសិកម្ម ជាពិសេស​ដំណាំ​ប្រភេទ​ស្រូវ​។ លោក​ពន្យល់​ថា ដំណាំ​ស្រូវ​សរីរាង្គ​ជា​ដំណាំ​យុទ្ធសាស្ត្រ​របស់​ខេត្ត​ព្រះវិហារ ខណៈ​បញ្ហា​ដែល​កំពុង​ប្រឈម​គឺ​ដី​កាន់​តែ​ខ្សោះ​ជីជាតិ​។ ដូច្នេះ​ដំណាំ​គម្រប​ដី​មាន​នាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​ដល់​កសិករ​រក្សា​បាន​នូវ​និរន្តរភាព​គុណភាព​ដី ដើម្បី​បង្ក​បង្កើន​កសិផល​សរីរាង្គ​។

ថ្លែង​នៅ​ក្នុង​ពិព័រណ៍​កសិ-អេកូឡូស៊ី លោក គង់ រ៉ាដា ថា គម្រោង ASESET បាន​គាំទ្រ​ផ្នែក​បច្ចេកទេស និង​គ្រាប់​ពូជ​ដល់​សហគមន៍ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាកសិករ​មាន​ឱកាស​ទទួល​បាន​ដំណាំ​គម្រប​ដី​កាន់​តែ​កៀក​ស្និទ្ធ​ពួកគាត់ ហើយ​ធានា​ថា​ពួកគាត់​រក្សា​បាន​នូវ​និរន្តរភាព​នៃ​ដំណាំ​សរីរាង្គ ដែល​ជា​ប្រយោជន៍​យូរ​អង្វែង​សម្រាប់​ពួកគាត់​។

បើ​តាម​តំណាង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​សរីរាង្គ ដែល​ជា​ដៃគូ​ជិតស្និទ្ធ​របស់​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ កសិករ​ដែល​រក្សា​បាន​តាម​លក្ខខណ្ឌ​កសិផល​សរីរាង្គ គឺ​ទទួល​បាន​នូវ​បុព្វលាភ​បន្ថែម​លើ​តម្លៃ​ដើម ២៥០ រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ស្រូវ​សរីរាង្គ និង ៣០ រៀល​សម្រាប់​ដំឡូង​មី​សរីរាង្គ​។

សូម​ជម្រាប​ថា ខេត្ត​ព្រះវិហារ​គេ​ធ្លាប់​ស្គាល់​ថា ជា​ខេត្ត​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ស្ថានភាព​ភូមិសាស្ត្រ​ដី​ខ្ពង់រាប អំណោយផល​ដល់​កសិកម្ម​ដំណាំ​ចម្ការ ដោយ​ផ្ទៃដី​ដាំដុះ​មាន​ទំហំ​ជាង​២សែន​ហិកតារ ក្នុង​នោះ​ដំណាំ​ស្រូវ​មាន​ជាង ១សែន​ហិកតារ ដំឡូង​មី​ប្រមាណ​ជា ៤ម៉ឺន​ហិកតារ​ ស្វាយចន្ទី ២ម៉ឺន​ហិចតា ចេក​ប្រមាណ​ជា ៨ពាន់​ហិចតា កៅស៊ូ​ជាង ៣ ម៉ឺន​ហិកតារ ក្នុង​នោះ​ជាង ៣ពាន់​ហិកតារ​ជា​លក្ខណៈ​គ្រួសារ និង​ដំណាំ​ផ្សេងៗ​ទៀត​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.