ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១០ល្វែងជាប់ៗគ្នា ត្រូវបានអគ្គិភ័យឆាបឆេះរាលប្រព័ន្ធខ្សែភ្លើង ពីមួយល្វែងទៅមួយល្វែង ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ នៅបុរីពិភពថ្មីគ្រោង៣ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តកងពលតូចពិសេសឆ័ត្រយោង៩១១ រថយន្តស្នងការក្រុងភ្នំពេញ រថយន្តបុរីសង្ឃឹមថ្មី ចេញទៅអន្តរាគមន៍គមន៍ ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញផ្សែងហុយចេញពីផ្ទះចំនួន៨ល្វែងជាប់គ្នា ជាន់លើ ដោយសារទុស្សេខ្សែភ្លើង ឆេះរាលឆ្លងពីមួយទៅមួយ សរុបចំនួន១០ល្វែង ។ ក្នុងចំណោមផ្ទះទាំង១០ល្វែង ផ្ទះខ្លះមានម្ចាស់កំពុងរស់នៅ ផ្ទះខ្លះចាក់សោទុកចោល បង្កឱ្យផ្អើលឆោឡោ ពលរដ្ឋនាំគ្នាជញ្ជូនអីវ៉ាន់ចេញក្រៅ ។

ដោយមានការសហការ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ មន្ត្រីខាងអគ្គិសនី ធ្វើការផ្តាច់ចរន្តភ្លើង ហើយចូលបាញ់ទឹកពន្លត់ភ្លើង ។ ការខូចខាតផ្ទះទាំង១០ល្វែង គ្រាន់តែខូចខាតប្រព័ន្ធ បណ្តាញភ្លើងក្នុងផ្ទះ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនតែប៉ុណ្ណោះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.