ក្រោយផ្ទុះរឿងម្ចាស់អាវលេខ៧ របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលកំពូលកីឡាករឆ្នើម Cristiano Ronaldo តែងតែពាក់តាំងពី១៧ឆ្នាំជាប់គ្នា ត្រូវបានប្តូរទៅឲ្យកីឡាករ Bruma ពាក់បណ្តោះអាសន្នក្នុងជំនួបមិត្តភាពអន្តរជាតិឈ្នះស៊ុយអែត ៥-២ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

នេះគឺលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៧ ដែលម្ចាស់លេខ៧ របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានកីឡាករផ្សេងពាក់ ជំនួសកីឡាករ Cristiano Ronaldo។

មូលហេតុកីឡាករ Bruma អាចពាក់អាវលេខ៧ នៅក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺដោយសារតែលោក Roberto Martínez បានអនុញ្ញាតឲ្យ Cristiano Ronaldo សម្រាកលំហែកាយជាមួយគ្រួសារអំឡុងថ្ងៃ FIFA Day។

យ៉ាងណាមិញមុនជំនួបមិត្តភាពអន្តរជាតិរវាងព័រទុយហ្គាល់ ទល់នឹងក្រុមជម្រើសជាតិស្លូវេនី នៅយប់ថ្ងៃទី២៦ ឈានចូលព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២:៤៥ រំលងអធ្រាត្រ ខ្សែប្រយុទ្ធ Cristiano Ronaldo បានវិលត្រលប់មកហ្វឹកហាត់ មុនពេលកំណត់ នឹងត្រៀមពាក់អាវលេខ៧ សារជាថ្មី។

គួរដឹងថាក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Roberto Martínez ស្ថិតនៅពូល F ក្នុងពានរង្វាន់ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ជាមួយទួរគី, សាធារណរដ្ឋឆេក និងហ្សកហ្ស៊ី ឬ ក្រិក៕

Share.