ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ ទី២៥ ខែមីនា បាននិយាយថា លោកនឹងមិនបញ្ជូនគណៈប្រតិភូ ដូចដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នោះទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានបដិសេធមិនព្រមបោះឆ្នោតគាំទ្រលើដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Netanyahu បាននិយាយថា ការបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងលើដំណោះស្រាយបទឈប់បាញ់នេះគឺជា «បង្ហាញយ៉ាងច្បាស់ពីការដកថយចេញពីគោលជំហររបស់ខ្លួននាពេលកន្លងមក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីរំដោះចំណាប់ខ្មាំងជាង ១៣០នាក់ដែលកំពុងជាប់ឃុំនៅក្នុងតំបន់ហ្គាហ្សា។

ការិយាល័យរបស់លោក បានបន្ថែមថា «ដោយសារតែមានការផ្លាស់ប្តូរនៅក្នុងគោលជំហររបស់សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu បានសម្រេចចិត្តថា គណៈប្រតិភូអ៉ីស្រាអែល នឹងមិនត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនោះទេ»​​។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តលើដំណោះស្រាយមួយដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។

ទាក់ទិននឹងបញ្ហានេះ សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ឱ្យ​មាន​ការ​បោះ​ឆ្នោតនេះឡើងទេ។ សេតវិមានបានបដិសេធថា ការហាមប្រាមរបស់សហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់អាមេរិក។

សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់អ៉ីស្រាអែល គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានគ្រោងទុកនៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់កំពុងជ្រកកោនភៀសខ្លួនពីសង្រ្គាម៕

ប្រភព៖ Reuters

Share.