តូក្យូ៖ ក្រុមហ៊ុនផលិតឱសថជប៉ុនដ៏ធំមួយបាននិយាយនាថ្ងៃអង្គារ នេះថា ខ្លួនកំពុងស៊ើបអង្កេត ករណីមានអ្នកស្លាប់ដោយសារតែបញ្ហាក្រលៀន ទាក់ទងនឹងអាហារបំប៉នសុខភាព ដែលក្រុមហ៊ុនបានប្រមូលយកវិញកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

ការប្រមូលចូលក្រុមហ៊ុនវិញខាងលើនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical បានរាយការណ៍ថា ខ្លួនទទួលបានដំណឹងថា មានករណីមនុស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាក់ទងនឹងថ្នាំគ្រាប់ដែលគ្មានវេជ្ជបញ្ជា ចំនួន ២៦ករណី។

ផលិតផលដែលត្រូវប្រមូលមកវិញទាំង ៣ប្រភេទ មានដូចជា៖ អាហារបំប៉នឈ្មោះ beni koji choleste help និងអាហារបំប៉នដែលមានឈ្មោះស្រដៀងគ្នាចំនួន ២ទៀត មានសារធាតុម្យ៉ាងហៅថា «beni koji» ដែលផលិតដោយមានធាតុផ្សំដូចជា អង្ករជាមួយនឹងមេដំបែ ដែលសន្មត់ថា ធាតុផ្សំនោះ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឥឡូវនេះយើងដឹងពីករណីមួយ មានទំនាក់ទំនងនឹងមូលហេតុដែលអាចកើតមានរវាងការស្លាប់ និងផលិតផលរបស់យើង»។ ក្រុមហ៊ុនបន្ថែមថា «យើងកំពុងស៊ើបអង្កេតពីបញ្ហានេះ និងអ្វីដែលបានកើតឡើង ក្រុមហ៊ុន ពិតជាសុំទោសយ៉ាងជ្រាលជ្រៅបំផុត»។ សារព័ត៌មានជប៉ុន ក៏បានរាយការណ៍ថា «នាយកប្រតិបត្តិ ក្រុមហ៊ុនផលិតឱសថ Kobayashi នឹងទៅសួរសុខទុក្ខគ្រួសារជនរងគ្រោះនៅថ្ងៃអង្គារ នេះដែរ។

ក្រុមហ៊ុនផលិតឱសថដែលមានមូលដ្ឋាននៅទីក្រុងអូសាកា បានស្ម័គ្រចិត្តប្រមូលមកវិញនូវផលិតផលទាំង៣ប្រភេទ កាលពីថ្ងៃសុក្រ បន្ទាប់ពីមានការត្អូញត្អែររបស់អតិថិជនអំពីបញ្ហាក្រលៀន។

យ៉ាងណាម៉ិញ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទ ថា មិនទាន់ឈានដល់ការសន្និដ្ឋានលើទំនាក់ទំនងរវាងបញ្ហាសុខភាព និងអាហារបំប៉នទេ ប៉ុន្តែបាននិយាយថា ការវិភាគមួយបានរកឃើញលទ្ធភាពដែលថា ថ្នាំ beni koji មាន «ធាតុផ្សំដែលយើងមិនមានបំណងរួមបញ្ចូលគ្នា»។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical និយាយថា ខ្លួនបានផ្គត់ផ្គង់ថ្នាំ beni koji ដល់ក្រុមហ៊ុនប្រហែល ៥០ផ្សេងទៀតនៅទូទាំងពិភពលោក នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរបស់ជប៉ុន NHK៕

ប្រភព៖ CNA

Share.