ផ្នែកមួយនៃស្ពាន Francis Scott Key ដ៏សំខាន់របស់ទីក្រុង Baltimore បានបាក់រលំបន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងបុក កាលពីព្រឹកថ្ងៃអង្គារ នេះ (ម៉ោងក្នុងស្រុក) ហើយរថយន្តជាច្រើនបានធ្លាក់ចូលទៅក្នុងទឹក ខណៈអាជ្ញាធរកំពុងព្យាយាមជួយសង្រ្គោះមនុស្សយ៉ាងតិច ៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

យោងតាមវីដេអូដែលបានបង្ហោះនៅលើ X បានបង្ហាញថា នាវាដ៏ធំមួយគ្រឿងនោះ បានបុកបង្គោលស្ពាន ហើយបានឆាបឆេះមុនពេលលិច និងបណ្តាលឱ្យរថយន្តជាច្រើនធ្លាក់ចូលទៅក្នុងទន្លេ Patapsco ។

អាជ្ញាធរដឹកជញ្ជូន Maryland បានបង្ហោះនៅលើ X. អភិបាលក្រុង Brandon M. Scott និងនាយកប្រតិបត្តិខោនធី Baltimore លោក Johnny Olszewski Jr. បានបង្ហោះថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងឆ្លើយតប ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។

លោក Kevin Cartwright ប្រធានផ្នែកទំនាក់ទំនងនៃនាយកដ្ឋានពន្លត់អគ្គីភ័យនៅទីក្រុង Baltimore បានប្រាប់សារព័ត៌មាន Associated Press នៅម៉ោងប្រហែល ៣ទៀបភ្លឺថា ក្រុមអ្នកឆ្លើយតបសង្គ្រោះបន្ទាន់ កំពុងស្វែងរកមនុស្សយ៉ាងហោចណាស់ ៧នាក់ដែលត្រូវបានគេជឿថាលិចនៅក្នុងទឹក ។

លោកបាននិយាយថា ទីភ្នាក់ងារបានទទួលការហៅទូរស័ព្ទសុំជំនួយ 911 នៅម៉ោងប្រហែល ១:៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។

លោក Cartwright បាននិយាយថា «ការផ្តោតអារម្មណ៍របស់យើង នៅពេលនេះ គឺការព្យាយាមជួយសង្គ្រោះ និងសង្គ្រោះមនុស្សទាំងនេះពីឧប្បទ្ទវហេតុខាងលើ»។ លោក​បានបន្ថែមថា «នេះ​ជា​គ្រោះ​អាសន្ន​ដ៏​ធ្ងន់ធ្ងរ​មួយ»។

សូមជម្រាបថា ស្ពាន Francis Scott Key នេះបានបើកដំណើរការនៅខែមីនា ឆ្នាំ១៩៧៧ ស្ពាននេះ គឺជាច្រកផ្លូវដ៏សំខាន់សម្រាប់ឆ្លងកាត់នៃកំពង់ផែ Baltimore’s Harbor៕

ប្រភព៖ AP News

Share.