នៅយប់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិវៀតណាម បានរងបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ី ក្នុងលទ្ធផលចាស់ដៃយ៉ាងចាស់ដៃ ៣-០ នៅកីឡដ្ឋាន Mỹ Đình National Stadium វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026 ជុំទី២។

ប៉ុន្មានម៉ោងក្រោយចប់ការប្រកួតសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹក Philippe Troussier ភ្លាមៗតែម្តង ដោយរងការរិះគន់យ៉ាងចាស់ពីសំណាក់អ្នកគាំទ្រវៀតណាម ក្រោយចាញ់ឥណ្ឌូណេស៊ី ២ប្រកួតជាប់គ្នា សរុបលទ្ធផលទាំង២ជើង ៤-០។

លោក Philippe Troussier គ្រូបង្វឹកសញ្ជាតិបារាំង ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជំនួសកៅអីលោក Park Hang-seo គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ខណ:កុងត្រារបស់លោក Troussier គឺរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯណោះ។

១១ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Philippe Troussier ឈ្នះ១លើកប៉ុណ្ណោះ និងចាញ់១០លើក៖

  • ១០ តុលា ២០២៣ ចិន ២-០ វៀតណាម មិត្តភាព
  • ១៣ តុលា វៀតណាម ២០២៣ ០-២ អ៊ូសបេគីស្ថាន មិត្តភាព
  • ១៧ តុលា ២០២៣ កូរ៉េខាងត្បូង ៦-០ វៀតណាម មិត្តភាព
  • ១៦ វិច្ឆិកា ២០២៣ ហ្វីលីពីន ០-២ វៀតណាម វគ្គជម្រុះ World Cup 2026 ជុំទី២
  • ២១ វិច្ឆិកា ២០២៣ វៀតណាម ០-១ អ៊ីរ៉ាក់ វគ្គជម្រុះ World Cup 2026 ជុំទី២
  • ៩ មករា ២០២៤ កៀហ្ស៊ីស៊ីស្ថាន ២-១ វៀតណាម មិត្តភាព
  • ១៤ មករា ២០២៤ ជប៉ុន ៤-២ វៀតណាម AFC Asian Cup
  • ១៩ មករា ២០២៤ វៀតណាម ០-១ ឥណ្ឌូណេស៊ី AFC Asian Cup
  • ២៤ មករា ២០២៤ អ៊ីរ៉ាក់ ៣-២ វៀតណាម AFC Asian Cup
  • ២១ មីនា ២០២៤ ឥណ្ឌូនេស៊ី ១-០ វៀតណាម វគ្គជម្រុះ World Cup 2026 ជុំទី២
  • ២៦ មីនា ២០២៤ វៀតណាម ០-៣ ឥណ្ឌូនេស៊ី វគ្គជម្រុះ World Cup 2026 ជុំទី២។

លោក Philippe Troussier គ្រូបង្វឹក​វ័យ​៦៨​ឆ្នាំ​ខាងលើធ្លាប់ដឹកនាំក្រុម​ជម្រើស​ជាតិជាច្រើនដូចជា៖ កូតឌីវ័រ, នីហ្សេរីយ៉ា, អាហ្វ្រិក​ខាង​ត្បូង, ប៊ូគីណាហ្វាសូ, ជប៉ុន, កាតា, ម៉ារ៉ុក និងក្រុមជម្រើសជាតិវៀតណាម U-19 រួមទាំងក្រុមបាល់ទាត់ Marseille, Hangzhou Greentown, Shenzhen Ruby និង Red Star 93 ជាដើម។

ស្នាដៃសំខាន់មានដូចជា៖ អំឡុងពេលលោកដឹកនាំ​អាហ្វ្រិក​ខាង​ត្បូងប្រកួត FIFA World Cup​ ជុំ​ផ្តាច់​ព្រ័ត្រ ឆ្នាំ​១៩៩៨ និងដឹកនាំជប៉ុន ឈ្នះពាន AFC Asian Cup ឆ្នាំ២០០០ និងជើងឯករង FIFA Confederations Cup ឆ្នាំ២០០១ ព្រមទាំងជួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៩ឆ្នាំ ឡើងវគ្គចែកពូល AFC U19 Asian Cup ២០២០ ផងដែរ៕

Share.