តូក្យូ៖ រដ្ឋាភិបាលជប៉ុនបាននិយាយនាថ្ងៃពុធ នេះថា ការស្លាប់របស់មនុស្ស ២នាក់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ១០០នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការភ័យខ្លាចពីបញ្ហាសុខភាពដែលកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ជុំវិញអាហារបំប៉នដែលមានគោលបំណងកាត់បន្ថយកូឡេស្តេរ៉ុល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ បន្ទាប់​ពី​ថ្នាំ​គ្រាប់​ដែល​មាន​នៅ​ក្នុង​បញ្ជរតាមផ្សារទំនើប ឬ ទីតាំងលក់ឱសថនានា ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតឱសថជប៉ុន Kobayashi Pharmaceutical ប្រមូល​យក​មក​វិញ​បន្ទាប់​ពី​មាន​ការ​ត្អូញត្អែរ​ពី​អតិថិជន ពាក់ព័ន្ធនឹងបញ្ហាក្រលៀន។

ការសិក្សាផ្នែកវេជ្ជសាស្រ្ដពិពណ៌នា អំពីអង្ករដំបែក្រហម ថា ជាជម្រើសជំនួសថ្នាំ Statins សម្រាប់បញ្ចុះកូឡេស្តេរ៉ុលខ្ពស់ ប៉ុន្តែក៏ព្រមានពីហានិភ័យនៃការខូចខាតសរីរាង្គ អាស្រ័យលើសារធាតុគីមីរបស់វាដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលលោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មានថា «ចំនួនសរុបនៃការស្លាប់ពេលនេះ គឺមាន ២នាក់ ខណអ្នកដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មានចំនួន ១០៦ករណី»។

ក្រុមហ៊ុនផលិតអាហារបំប៉ន Kobayashi Pharmaceutical មូលដ្ឋាននៅទីក្រុង Osaka លក់ផលិតផលសុខភាពជាច្រើនប្រភេទ ដែលដាក់លក់តាមទីផ្សារតាមរយៈការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ក្នុងប្រទេសជប៉ុន ហើយបានព្រមានថា វាមិនទាន់ឈានដល់ការសន្និដ្ឋានអំពីទំនាក់ទំនងមូលហេតុរវាងបញ្ហាសុខភាព និងផលិតផលរបស់វានោះទេ។ ក្រុមហ៊ុនខាងលើបន្ថែមថា ខ្លួនក៏បានផ្គត់ផ្គង់ឱសថនេះដល់ក្រុមហ៊ុនប្រហែល ៥០ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន និងមានក្រុមហ៊ុន២ នៅតៃវ៉ាន់ផងដែរ៕

ប្រភព៖ CNA

Share.