កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា នាអំឡុងខែ មិថុនា ឆ្នាំ២០២៤ខាងមុខនេះ ដោយមានអត្តពលិកជាជនមានពិការភាពប្រមាណជា ១០០នាក់ មកពីបណ្តាប្រទេសនានា។

លោក Leon Lim អនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជា និងជាគ្រូបង្វឹកកីឡាប៊ូលីងមាន ប្រសាសន៍ ថា ការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា (1st Cambodia Open Para Bowling Championship 2024)គ្រោងនឹងរៀបចំពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅប្រូប៊ូល (ខាលែន ឌែលម៉ល) រាជធានីភ្នំពេញដែលជាទីលានស្តង់ដារអន្តរជាតិ ។ តាមការគ្រោងទុកនឹងមានកីឡាករ កីឡាការិនី មានពិការភាពប្រមាណ ១០០នាក់ចូលរួមប្រកួតប្រជែងមេដាយ មកពីប្រទេសកូរ៉េ ម៉ាឡេស៊ី ជប៉ុន ថៃ សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀតដែលកំពុងតែពិភាក្សាគ្នា។

លោក បញ្ជាក់ទៀតថា នេះជាការទទួលធ្វើម្ចាស់ផ្ទះលើកដំបូង លើប្រភេទកីឡាប៊ូលីង សម្រាប់​ជនមានពិការភាពអន្តរជាតិ នៅប្រទេសកម្ពុជា។ សម្រាប់កម្ពុជាម្ចាស់ផ្ទះ គឺត្រៀម​កីឡាករ​កីឡា​ការិនីជនមានពិការភាពឆ្នើមចំនួន១០នាក់ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​អន្តរ​ជាតិ​នេះ។ ក្នុងចំណោម១០នាក់ដែលជាកីឡាករកីឡាការិនីឆ្នើមៗនេះ នឹងជ្រើសរើសយកកីឡាករ៥នាក់ និងកីឡាការិនី៥នាក់។ 

លោក Leon Lim អនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជា

អនុប្រធានសហព័ន្ធ បានគូសបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាបានប្រមូល​កីឡាករ​កីឡាកា​រិនីជន​មានពិការភាពឲ្យចូលហ្វឹកហាត់ចំនួន២០នាក់ នឹងចំរាញ់​ធ្វើតេស​ជា​បន្ត​បន្ទាប់​រហូត​ចំរាញ់​ជ្រើស​រើស​បានកីឡាករកីឡាការិនីឆ្នើមតាមគម្រោងដែលបានគ្រោងទុក។ពោល​ការហ្វឹក​ហាត់​ចំរាញ់​នេះ មានរយៈពេល២ខែ ឬជាង២ខែ ។

អនុប្រធានសហព័ន្ធ លោក Leon Lim ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា លោក​នឹងប្រឹង​ប្រែង​ឱ្យ​អស់​ពីសមត្ថភាព ដើម្បីបង្វឹកដល់កីឡាករ កីឡាការិនីកម្ពុជាឱ្យមានគុណភាពល្អ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​មេដាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ ក្នុងនាមជាម្ចាស់ផ្ទះ។

លោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធកីឡាប៊ូលីងកម្ពុជាបានគូសបញ្ជាក់ថា គោលបំណង​ចម្បង​នៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនេះ ចង់ចែករំលែកបទពិសោធន៍ និង​ចំណេះ​ដឹង​បច្ចេក​ទេស​ជូនដល់កីឡាករ កីឡាការិនីជំនាន់ក្រោយៗឱ្យចូលរួមលេងកីឡាឱ្យបានច្រើន និង​ចង់​ចូល​រួម​ជួយ​ដល់សង្គមផងដែរ។ 

ជាមួយនឹងការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីមានពិការភាពកម្ពុជា នាពេលនេះ ក៏​សម្រួច​គោលដៅឆ្ពោះទៅចូលរួមប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នាឆ្នាំ២០២៥ នៅ​ប្រទេស​ថៃ​ផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាប៊ូលីង 34th Asian Inter-City ម្តងរួចទៅ ដោយទទួលបានជោគជ័យ ហើយនៅឆ្នាំ២០២៤នេះដែរ កម្ពុជា​ក៏បាន​គ្រោង​រៀបចំការប្រកួតកីឡាប៊ូលីង 1st Cambodia International Open 2024 នាខែសីហា ឆ្នាំ២០២៤ ខាងមុខផងដែរ៕

ប្រភព៖ olympiccambodia

Share.