កីឡាករ Aedan Scipio សមាជិករបស់កោះ​អង់គុយឡា (Anguilla) គឺជាកីឡាករបាល់ទាត់ដែលមានសក់វែងជាងគេលើពិភពលោក ពោលគឺសក់វែងរហូតដល់កែងជើង ហើយរូបគេតែងតែចងសក់ជាប់ចង្កេះពេលចូលប្រកួតម្តងៗ។

កីឡាករ Aedan Scipio កើតនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩០ បច្ចុប្បន្នមានអាយុ ៣៣ឆ្នាំ តួនាទីជាខ្សែបម្រើរបស់ក្រុម​ជម្រើស​ជាតិ​កោះ​អង់គុយឡា ធ្លាប់បង្ហាញខ្លួនលើទីលានសរុប ៤លើក ៣៤៣នាទី មិនដែលស៊ុតបញ្ចូលទី ឬ Assist និងទទួលបានកាតលឿង២សន្លឹក។

ក្រុម​ជម្រើស​ជាតិ​កោះ​អង់គុយឡា គឺជាក្រុម​លេខ​២​បាត​តារាង​ពិភពលោក (FIFA Ranking) ដែល​ស្ថិត​នៅ​តំបន់​ការ៉ាប៊ីន ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​រដ្ឋបាល​ចក្រភព​អង់គ្លេស បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​​ទី​២០៩ ពិភពលោក (FIFA World Ranking) ក្នុង​ចំណោម​​សមាជិក​ទាំង​២១០ នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA ពោល​គឺ​ឈរ​ពី​លើ​ក្រុម​ជម្រើស​ជាតិ​សាន់ម៉ារីណូ បានបង្កើត​កំណត់ត្រា​មិន​ចាញ់​សោះ​ដើម​ឆ្នាំ​២០២៤។

ក្រុម​ជម្រើស​ជាតិ​កោះ​អង់គុយឡា បាន​ចូលរួម​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ដំបូង​ពី​ឆ្នាំ​១៩៨៥ មក​ម៉្លេះ ដោយ​គិត​ត្រឹម​ដើម​​ឆ្នាំ​២០២៤ ក្រុម​នេះ​​ប្រកួត​បាន​៩២​លើក​មក​ហើយ ពោល​គឺ​ឈ្នះ​បាន​៩លើក ស្មើ​គ្នា​១១លើក និង​ចាញ់​៧២​លើក ក្នុង​នោះ​ទាត់​បញ្ជូល​ទី​គូ​ប្រកួត​បាន​៥១គ្រាប់ និង​របូត​គ្រាប់​បាល់​វិញ​២៥៧គ្រាប់។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ ក្រុម​កោះ​អង់គុយឡា ប្រកួត​បាន​ចំនួន​៣លើក​មក​ហើយ ក្នុង​នោះ​ឈ្នះ​១លើក និង​​ស្មើ​គ្នា​២លើក។ លទ្ធផល​នៃ​ការប្រកួត​ក្នុង​ឆ្នាំ​២០២៤ របស់​កោះ​អង់គុយឡា មាន៖

  • ១៧ មីនា សាំងម៉ារតាំង ១-១ អង់គុយឡា (មិត្តភាព​អន្តរជាតិ)
  • ២២ មីនា អង់គុយឡា ០-០ កោះតួកនិងកៃអ៊ីក (ជម្រុះ World Cup ជើង​ទី១)
  • ២៦ មីនា កោះតួកនិងកៃអ៊ីក ១-១ (ប៉េណាំងទី ៣-៤) អង់គុយឡា (ជម្រុះ World Cup ជើង​ទី២)

ក្រុម​អង់គុយឡា បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក Nigel Connor ពី​ឆ្នាំ​២០២២ មក​ម៉្លេះ​ខណៈ​ក្នុង​បញ្ជី​កីឡាករ​កោះហៅ​ចុងក្រោយ​មាន​សមាជិក​មក​ពី​ប្រទេស​អង់គ្លេស មួយ​ចំនួន​ដូចជា ខ្សែ​ប្រយុទ្ធ Kyle Lake-Bryan វ័យ​២២​ឆ្នាំ មក​ពី​ក្លិប Spartans Youth និង​កីឡាករ Jaheim Thompson វ័យ​១៦​ឆ្នាំ​មក​ពី​ក្លិប Chesterfield៕

Share.