BALTIMORE៖ ក្រុមអ្នកមុជទឹកនៅថ្ងៃពុធ នេះ បានស្រង់យកសាកសពកម្មករ ២នាក់ក្នុងចំណោមកម្មករជួសជុលផ្លូវដែលបាត់ខ្លួនចំនួន ៦នាក់ ធ្លាក់ចូលទៅក្នុងទឹកនៅតំបន់កំពង់ផែ Baltimore ដែលបានបាក់រលំនៅពេលនាវាដឹកទំនិញដឹកទំនិញមួយគ្រឿងបុកបង្គោលស្ពានកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

សាកសពទាំង២ ត្រូវបានស្រង់ចេញពីទន្លេ Patapsco មួយថ្ងៃបន្ទាប់ពីកប៉ាល់កុងតឺន័រដ៏ធំបានដាច់អគ្គិសនីមើលផ្លូវមិនឃើញ មុនពេលបានបុកបង្គោលស្ពាន Francis Scott Key ដែលបណ្ដាលឱ្យមានអ្នកធ្លាក់ចូលទឹកជាច្រើននាក់។

យ៉ាងណាម៉ិញ មុនពេលនាវានោះបុកស្ពានខាងលើ នាវិកនៃនាវាដឹកទំនិញ បានជូនដំណឹង និងបានប្រកាសអាសន្នដល់អាជ្ញាធរដើម្បីបញ្ជៀសចរាចរណ៍នៅលើស្ពាន។

សាកសពទាំង២ ម្នាក់ឈ្មោះ Alejandro Hernandez Fuentes អាយុ៣៥ឆ្នាំនិងម្នាក់ទៀតឈ្មោះ Dorian Ronial Castillo Cabrera អាយុ២៦ឆ្នាំ ត្រូវបានស្រង់ចេញពីទន្លេ Patapsco ហើយមន្ត្រីប៉ូលិសរដ្ឋ Maryland និយាយថា រថយន្តដឹកបុរសទាំងពីរនាក់នេះ ក៏ត្រូវបានរកឃើញក្នុងដែនទឹក ស្ថិតនៅចម្ងាយប្រហែល៧.៦ម៉ែត្រ ជិតផ្នែកកណ្តាលនៃស្ពានដែលបាក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជ្រមុជទឹក កំពុងតាមរកសាកសពកម្មករចំនួន៤នាក់ទៀត ទាំងដែលត្រូវតស៊ូធ្វើការក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ កម្មករទាំង ៦នាក់ ដែលបានធ្លាក់ចូលទៅក្នុងទឹកទន្លេត្រូវបានគេសន្មត់ថា បានបាត់បង់ជីវិតទាំងអស់ ក្រោយព្យាយាមស្វែងរកអស់រយៈពេល ១៨ម៉ោង។

នាវាដឹកទំនិញ សិង្ហបុរីទម្ងន់ ៩៦ម៉ឺនតោនមួយនេះ មានឈ្មោះថា Dali ប្រវែង៣០០ម៉ែត្រ និងចុះបញ្ជីជាមួយក្រុមហ៊ុន Grace Ocean Pte Ltd ដែលជាសម្ព័ន្ធជាមួយ Synergy Marine Group ប៉ុន្តែត្រូវបានជួលដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk។

នាវានេះបានចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា តាមការគ្រោងទុក វានឹងទៅដល់គោលដៅនៅថ្ងៃទី២២ខែមេសា។

សូមជម្រាបថា ស្ពាននេះជាច្រកដ៏សំខាន់នៃកំពង់ផែ Baltimore ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងគ្រឿងចក្រកសិកម្ម សំណង់ ធ្យូងថ្ម ព្រមទាំងការនាំចូលនិងនាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗផងដែរ៕

ប្រភព៖ CNA

Share.