កីឡាករ គួន ម៉ុម សមាជិករបស់សមាគមបាល់ទះវិសាខា បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ជាលើកទី២ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤។

ថ្ងៃនេះសារព័ត៌មានត្រយង​ សូមជម្រាបជូនប្រិយមិត្តអំពីកម្មវិធីប្រកួតរបស់កីឡាករ គួន ម៉ុម ​នៅក្លិបបាល់ទះ Long An ​ជើងទី១ រួមមានដូចជា​៖

  • នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៤ Lavie Long An ប៉ះ Sanest Khánh Hòa ម៉ោង ៥:០០រសៀល
  • នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Danang ម៉ោង ២:០០រសៀល
  • នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ LP Bank Ninh Binh ម៉ោង ៨:០០យប់
  • នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Ha Tinh ម៉ោង ៥:០០រសៀល
  • នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Thể Công ម៉ោង ៨:០០យប់។

គួន ម៉ុម បច្ចុប្បន្នមានវ័យ​២៦ ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ខ្លាំង​របស់​កម្ពុជា ដោយ​​រូប​គេ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០២០ ​កន្លង​ទៅ​ជាមួយ​ក្រុម Garuda Jakarta ក្នុង​រដ្ឋធានី​ហ្សាកាតា។ យ៉ាងណាក្ដី​កីឡាក​រូប​នេះ​ដុះ​ចេញ​ពី​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០១៨ មុន​ផ្ទេរ​ចូលរួម​ជាមួយ​ក្រុម​វិសាខា ពី​ឆ្នាំ​២០១៨ រហូតដល់បច្ចុប្បន្ន។

កីឡាករដែលមាន​កម្ពស់​ ១.៩៨​ម៉ែត្ររូបនេះ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន ស្រប​ពេល​រូប​គេគឺជា​តួសំខាន់​ជួយ​ឱ្យ​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​មេដាយ​ប្រាក់​ ស៊ីហ្គេមលើក​ទី​៣២ នៅរាជធានី​ភ្នំពេញ។

បច្ចុប្បន្នកីឡាករ គួន ម៉ុម គឺជាកីឡាករខ្មែរទី២ ដែលផ្លាស់ទៅប្រកបអាជីពបាល់ទះនៅក្រៅប្រទេស បន្ទាប់ពីកីឡាករ វឿន វាសនា ដែលកំពុងប្រកបអាជីពនៅលីគបាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៕

Share.