នៅក្នុងកម្មពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមកីឡាកម្ពុជា ប្រចាំសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាង ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា៖ «នេះគឺជាកិច្ចព្រមព្រៀងផ្លូវការដែលតំណាងដោយភាគីចុះហត្ថលេខាក្នុងការខិតខំប្រឹងប្រែងរួមគ្នា សម្រាប់កំណត់នូវនីតិវិធី ដំណើរការ និងគោលដៅរវាងក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក»។

គោលបំណងនៃអនុស្សារណៈយោគយល់គ្នានេះ គឺដើម្បីលើកកម្ពស់ការចូលរួម និងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្តូរ មន្រ្តី គ្រូបង្វឹក អត្តពលិករវាងក្រសួងអប់រំយុវជននិងកីឡា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សកម្មភាពកិច្ចសហការនៃភាគីទាំងពីរ នឹងសហការគ្នា ពង្រីកសក្កានុពលភាពរបស់ភាគីទាំងពីរក្នុងការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងសកម្មភាពចាំបាច់នានា ក្នុងន័យជំរុញបន្ថែមទៀតនូវកម្រិតនៃ គុណផលកីឡាកម្ពុជាក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

ឯកឧត្តម រដ្ឋលេខាធិការ បានអះអាងទៀតថា កន្លងមកកិច្ចសហការរួមគ្នានេះ ភាគីទាំងពីរបានធ្វើរួមគ្នាជាយូរមកហើយ ដោយទទួលបានជោគជ័យ ដូចជាការនាំយកកីឡាករកីឡាការិនីមានឈាមជ័រកូនខ្មែរ នៅអាមេរិក មានកីឡាករបាល់បោះ និងកីឡាការិនី ជឺជីតស៊ូ ខាន់ ជេសា មកជួយប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងកីឡាទ្វីបអាស៊ីជាដើម។ គ្រាន់តែអំឡុងពេលនោះ យើងមិនទាន់ឈានដល់ការចុះអនុស្សារណៈយោគយល់គ្នានូវឡើយ។ ប៉ុន្តែនៅពេលនេះអនុស្សារណៈយោគយល់គ្នានៃភាគីទាំងពីរបានប្រកាសជាផ្លូវការ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបើកទូលាយជូនចំពោះកីឡាករឈាមជ័យខ្មែរ នៅក្រៅប្រទេសឱ្យចូលរួមជាមួយជម្រើសជាតិកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមទៀតថា អនុស្សារណៈយោគយល់គ្នានេះ មានលក្ខខណ្ឌ សម្រាប់ការនាំយកកីឡាឈាមជ័រខ្មែរមកចូលក្រុមជម្រើសជាតិចាំបាច់ត្រូវធ្វើតេស្ដសត្ថភាពជាមួយកីឡាករនៅក្នុងស្រុកជាមុនសិន ដើម្បីជ្រើសរើសកីឡាករមានគុណភាពល្អលើល្អ តំណាងឲ្យកម្ពុជា ប្រកួតលើឆាកអន្តរជាតិ។ ជាមួយការផ្លាស់ប្តូរបញ្ជូនអត្តពលិកកម្ពុជាទៅកាន់សមាគមកីឡាកម្ពុជា ប្រចាំសហរដ្ឋអាមេរិកវិញ គឺមានដូចជាការបញ្ជូន គ្រូបង្វឹក មន្រ្តីបច្ចេកទេស និងអត្តពលិកកីឡាទៅរៀនសូត្រ និងហ្វឹកហាត់សម្តែងជាដើម ក្នុងន័យបង្កើនចំណេះដឹង បទពិសោធ ផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជន រវាងកីឡានិងកីឡា ពិសេសផ្សព្វផ្សាយវិស័យកីឡានៅសហរដ្ឋអាមេរិក។

ឯកឧត្តម បានបញ្ជាក់ថា អនុស្សារណៈនេះ សំដៅបើកបង្ហាញជាផ្លូវការនៃការផ្សាយឲ្យកាន់តែទូលំទូលាយទៅដល់ឈាមជ័រនៅក្រៅប្រទេសផងដែរ។ ហើយវាជាគោលបំណងមួយនៃការបង្កើតសុខដុមនីយកម្មមួយក្នុងការងារកីឡាជាមួយគ្នា ដោយស្មើរភាពនិងស្វែងរកការអភិវឌ្ឍរីកចម្រើនព្រមគ្នា។ កីឡាករកីឡាការិនីឈាមជ័រកូនខ្មែរ នៅអាមេរិក ដែលអាចមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិបាន ត្រូវឆ្លងកាត់ការធ្វើតេស្ដជាមួយកីឡាករក្នុងស្រុកជាមុនសិន ទើបអាចជាប់ជាជម្រើសជាតិ ដូចជាប្រភេទកីឡាជាក្រុម និងប្រភេទកីឡាប្រយុទ្ធជាដើម។ ប៉ុន្តែសម្រាប់កីឡាដែលវាស់ស្ទង់សមត្ថភាពដោយប្រើថិរវេលា ឬប្រវែងជារង្វាស់មិនបាច់មកធ្វើតេស្ដនៅកម្ពុជានោះទេ គ្រាន់តែដឹងថា គាត់ធ្វើនៅអាមេរិកបានបច្ចេកទេសប៉ុនណា ដោយព័ត៌មានពិតនឹងជាប់តំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នារវាងភាគីទាំងពីរនេះ មានសុពលភាពចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែ មេសា ឆ្នាំ២០២៧៕

Share.