សៀមរាប ៖ រថយន្តកង់៦មួយគ្រឿង កំពុងបើកបរផ្ទុះបែកកង់មុខរេចង្កូតទៅបុកពីមុខរថយន្តបែនយុីឌុបដឹកថ្មមួយគ្រឿងទៀតកំពុងបើកច្រាសទិសគ្នា បណ្តាលឱ្យរងខូចខាតធ្ងន់ អ្នកបើកបរម្នាក់រត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៦៦ ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តបែនកង់៦ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស អត់ស្លាកលេខ បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុផ្ទុះកង់មុខ ទាញរេចង្កូតទៅបុកចំពីមុខរថយន្តបែន ប្រភេទយុីឌុប ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3E-3389 ដឹកថ្ម កំពុងបើកច្រាសទិសគ្នា ដែលបើកបរដោយឈ្មោះ សុី សល្យ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បណ្តាលឱ្យរថយន្តទាំង២គ្រឿង រងខួចខាតធ្ងន់ អ្នកបើកបររថយន្តអត់ស្លាកលេខ បានចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ វាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន រងចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.