ការព្រមានបែបនេះ គឺព្រោះតែគេហទំព័រសារព័ត៌មានទាំង៣ បានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានអនុវត្តនីតិវិធីសាកសួរលើករណីចុះផ្សាយទាំងនេះជាបន្តបន្ទាប់ដោយមានរបាយការណ៍ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ត្រូវបានចងក្រងទុកផងដែរ។

ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ផ្អែកលើការបំភ្លឺរបស់លោកចាងហ្វាងសារព័ត៌មាន ព្រមទាំងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃដោយម៉ត់ចត់លើធាតុចូល និងព័ត៌មានពាក់ព័ន្ធ ក្រុមការងារជំនាញបានទាញសេចក្តីសន្និដ្ឋានមួយថាការផ្សាយរបស់អង្គភាពទាំងបី គ្មានមូលដ្ឋានច្បាស់លាស់ ព័ត៌មានមិនមានតុល្យភាព ហើយបានអនុវត្តលើសតួនាទីជាអ្នកសារព័ត៌មាន ដែលជាការបំពានក្រមសីលធម៌វិជ្ជាជីវៈ ។

នៅក្នុងសង្គមកម្ពុជាក៏ដូចជាសង្គមជាតិផ្សេងទៀតលើពិភពលោកដែរ ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានពិត មានតុល្យភាពពីសំណាក់អ្នកសារព័ត៌មាន ពិតជាបានចូលរួមដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។  ប៉ុន្តែការផលិតនិងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ ការបាត់បង់សណ្តាប់ធ្នាប់ បាត់បង់ទំនុកចិត្តក្នុងសង្គម និងផលវិបាកជាច្រើនទៀតមិនអាចនឹកស្មានដល់។ 

រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់៖ អ្នកពាក់ព័ន្ធអាចត្រូវបានកោះអញ្ជើញឱ្យមកទទួលការណែនាំដើម្បីតម្រង់ទិសការងារឱ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវទទួលការចេញលិខិតព្រមាន រីឯក្នុងករណីបំពានធ្ងន់ធ្ងរ អង្គភាពសារព័ត៌មានឬអ្នកពាក់ព័ន្ធអាចឈានដល់ទទួលវិធានការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម (អាជ្ញាបណ្ណ) តែម្តង ។ 

នៅក្នុងឆ្នាំ២០២៣ ក្រសួងបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម (អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មាន ចំនួន ៦ អង្គភាព និងចំនួន ១ អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាថ្មីម្តងទៀត យើងសូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ។

Share.