សិល្បៈជាតិ៖ ក្រោយលេចរូបភាព និងវីដេអូ ជី-ដេវិត ញញឹមខ្សឹបខ្សៀវចាប់ដៃគ្នាជាមួយ វណ្ណដា នៅយប់ថ្ងៃមង្គលការ influencer ល្បីឈ្មោះ ស្រីនា ជាមួយ វិសាល គឺបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាញញែកវែក នឹងគាស់កកាយថា ម៉ែឡាកាម៉ូ និង ខៀវ សានសាណា បានជាប់ឈ្មោះជាកំពូលអ្នកផ្សះផ្សាប្រចាំឆ្នាំ ២០២៤ ធ្វើឱ្យទំនាស់ដែលផ្ទុះដូចភ្នំភ្លើងបែរជារលត់ឈឹង។

ដូចបានជ្រាបខ្លះហើយថា មានហេតុការណ៍ផ្អើលទាំងយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok នៅពេលដែលរូបភាព និងវីដេអូចាប់ដៃគ្នារវាងកំពូលតារាចម្រៀង ជីដេវីត និងវណ្ណដា បានធ្វើឱ្យហ្វេនអ្នកតាមដានញញឹមសើចតែម្នាក់ឯង។ ក្នុងនោះគេមើលឃើញថា អ្នកនាង ខៀវ សានសាណា បៀបដូចជាអជ្ញាកណ្ដាលដែលបានទាញឱ្យដៃរបស់ ជី ដេវីត និង វណ្ណដា មកប៉ះទង្គិចគ្នា ហាក់ដូចជាឱ្យសញ្ញាថា សន្តិភាពវិស័យរ៉េបនៅកម្ពុជាបានកើតឡើងហើយ។

យ៉ាងណាមិញ បើតាមស្ដាប់ និងទស្សនាវីដេអូបែកធ្លាយដែលបានចែកចាយនៅលើបណ្ដាញសង្គមនោះ គេលឺសំឡេង ហាមមិនឱ្យថតសកម្មភាពរបស់កំពូលតារារ៉េបទាំងពីរដួងនេះ ដោយពួកគេព្រួយបារម្ភខ្លាចកើតមានភាពមិនប្រក្រតីណាមួយកើតឡើង។ យ៉ាងណាក៏ដោយ មើលទៅហ្វេនគ្រប់គ្នាបានស៊ែ និងនាំគ្នាអរគុណចំពោះអ្នកនាង ខៀវ សានសាណា ដែលបានសម្រុះសម្រួលជ. ម្លោះរាំរ៉ៃរវាង ជី ដេវីត និងវណ្ណដា ឱ្យបែត្រលប់មកញញឹមដាក់គ្នាវិញ ក្នុងនាមជារៀមច្បងដ៏ឆ្នើមម្នាក់ តែងតែចង់ឃើញប្អូនៗអ្នកសិល្បៈខ្មែរចេះស្រលាញ់រាប់អានគ្នា។

ដោយឡែក កាលដើមឆ្នាំ ២០២៤ នេះ គេក៏នៅចាំបានថា ម៉ែឡាកាម៉ូ បានជាប់ឈ្មោះជាមាតាផ្សះផ្សាជម្លោះរាំរ៉ៃដូចភ្នំភ្លើងរវាង ម៉ាក់លីន និងម៉ាក់លក្ខ ដោយពេលផ្សះផ្សានោះ ម៉ែឡាកាម៉ូបានជ្រើសយកអ្នកទាំងពីរធ្វើជា BA តំណាង​ផលិតផលតែម្ដង។ ក្រោយពេលផ្សះផ្សាហើយ ហ្វេនម៉ាក់លីន និងម៉ាក់លក្ខ នាំគ្នាស៊ែអបអរអ្នកទាំងពីរដែលអាចវិលមកស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើតដូចដើមវិញ។

Share.