ពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់សរុបចំនួន ៤៥ នាក់ បានរងរបស់ធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងដឹកអ្នកដំណើរបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបុកចំពីមុខទទឹងរថយន្ត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវឡើងទៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកញឹមវុត្ថា នាយប៉ុស្តិ៍នគបាលរដ្ឋបាលឈើតុំ បានបញ្ជាក់ឱ្យដឹងថា  ក្នុងចំណោមជនរងគ្រោះ ដែលជិះនៅលើរថយន្តក្រុងទាំងអស់ចំនួន ៤៥ នាក់ ក្នុងនោះរបួសស្រាល ៤០ នាក់និងធ្ងន់ ៥ នាក់ រួមនឹងអ្នកបើកបររថភ្លើងម្នាក់ទៀតក៏ត្រូវបានរងរបួសធ្ងន់បាក់ជើងផងដែរ។

លោកបានបញ្ជាក់ឱ្យដឹងបន្ថែមថា នៅមុនពេលកើតហេតុ គឺរថភ្លើងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្របពេលរថយន្តក្រុងដឹកភ្ញៀវឡើងពីជើងទៅត្បូង ខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយនឹងរថភ្លើងចំពីមុខទទឹងរថយន្តពេញទំហឹង បណ្ដាលរថយន្តក្រុងក្រឡាប់ របួសមនុស្សធ្ងន់ និងស្រាលរណូករណែលតែម្ដង។ ខណៈដែលត្រង់ចំណុចកើតហេតុមានដាក់សញ្ញាប្រាប់ដំណឹងត្រឹមត្រូវ។ ចំពោះអ្នករងរបួសទាំង ៤៥នាក់នោះ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕

អត្ថបទ៖ពោធិ៍សាត់

Share.