ភ្នំពេញ ៖ បុរសម្នាក់យករថយន្តមកចតទុកចោលនៅជិតរបងវត្តស្ទឹងមានជ័យរួចដើរទៅកន្លែងលក់សំបុត្ររថយន្ត ងាកមកវិញបាត់រថយន្តទើបបង្កមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីម្ចាស់រថយន្តឈ្មោះ ទន់ សាម៉ន អាយុ ៤៥ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹកគាត់បានជិះរថយន្តម៉ាក Lexus 300 ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-9158 ជិះមកពីផ្ទះ ដើម្បីមកលក់សំបុត្ររថយន្តក្រុងនៅកន្លែងលក់សំបុត្ររថយន្តក្រុងម្ដុំវត្តស្ទឹងមានជ័យរួចបានចតរថយន្តទុកចោលហើយបានដើរឆ្លងផ្លូវទៅកន្លែងលក់សំបុត្ររថយន្តក្រុង នៅផ្លូវម្ខាងទៀត ពេលនោះគាត់រវល់លក់សំបុត្ររថយន្តមិនបានងាកមើលរថយន្តនៅផ្លូវម្ខាងទៀតនោះទេ លុះវេលាម៉ោងប្រហែល៩ព្រឹក គាត់បានងាករកមើលរថយន្តរបស់គាត់ក៏មិនឃើញ ហើយក៏បានស្រែកឆោឡោថាបាត់រថយន្តតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្ទឹងមានជ័យ១ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញាស្វែងរករថយន្ត ត្រឡប់មកវិញ៕

អត្ថបទ៖ សេង សាវី

Share.