កំពង់ឆ្នាំង ៖ បឹងអភិរក្ស រលាបសែន ស្ថិតនៅក្នុងឃុំទឹករហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងប្រឈមនូវគ្រោះធម្មជាតិ រាំងស្ងួតហួតហែង ធ្វើឱ្យមច្ឆាចម្រុះក្នុងបឹង ពិសេសមេពូជត្រី បានងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ សហគមន៍ ព្រួយបារម្ភ ទទូចស្នើសុំដល់អាជ្ញាធរ ជួយសង្គ្រោះ។

តាមបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា មកដល់ពេលនេះ អាកាសធាតុ ក្តៅហួតហែង ពុំមានធ្លាក់ភ្លៀង ធ្វើឱ្យបឹងអភិរក្ស រលាបសែន រងនូវវិប្បត្តិរាំងហួតហែង ធ្វើឱ្យប៉ះពាល់ដល់មច្ឆាចម្រុះ បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកប្រចាំថ្លៃ មេពូជត្រី ត្រូវបានងាប់សន្ធឹកសន្ធាប់ ។

បើតាមសហគមន៍អភិរក្សចំណុចខាងលើបានឱ្យដឹងថា ពូជត្រីមានចម្រុះ ដូចជា ត្រីឆ្ពិន ត្រីសណ្តាយ ត្រីក្អី ត្រីក្រាយ ត្រីចង្កែង និង ត្រី ជាច្រើនប្រភេទទៀត ដែលមាននៅបាតបឹង មានទឹកតិចតួចបំផុត ហើយបច្ចុប្បន្ន ដោយសារតែជួបគ្រោះរាំងស្ងួត ធ្វើឲ្យត្រីងាប់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ។

បងប្អូនប្រជាពលរដ្ឋ ស្នើសុំផងដែរដល់អាជ្ញាធរ អង្គភាព ក្រសួងពាក់ព័ន្ធ មេត្តាជួយសង្គ្រោះ តំបន់អភិរក្សមេពូជត្រី ចំណុចទីតាំងខាងលើ ខណៈដែល ទឹកបឹងកាន់តែរីងហួតពីមួយថ្ងៃទៅមួយថ្ងៃ ត្រីងាប់ជាបន្តបន្ទាប់រាល់ថ្ងៃ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.