សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃចន្ទ ទី១ ខែមេសា បានថ្កោលទោសចំពោះ «ក្រុមគ្រូពេទ្យ» ដែលប្រឆាំងនឹងការកែទម្រង់វិស័យសុខាភិបាល ដោយនិយាយថា រដ្ឋាភិបាលនឹងមិនគាំទ្រផែនការដែលបានបង្កឱ្យមានកូដកម្មរបស់វេជ្ជបណ្ឌិតរយៈពេល១ខែនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

មន្ទីរពេទ្យមួយចំនួនត្រូវបានបង្ខំឱ្យផ្អាកការព្យាបាល និងការវះកាត់សំខាន់ៗ ចាប់តាំងពីគ្រូពេទ្យសិក្ខាកាមរាប់ពាន់នាក់បានឈប់ធ្វើការកាលពីថ្ងៃទី២០ ខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ការបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលបានស្នើឡើង ប៉ុន្តែរដ្ឋាភិបាលមិនបានផ្លាស់ប្តូរទម្រង់នោះទេ ជំនួសមកវិញនូវការគំរាមកំហែងគ្រូពេទ្យដែលធ្វើកូដកម្មជាមួយនឹងវិធានការផ្លូវច្បាប់។

ទីក្រុងសេអ៊ូល ចង់បង្កើនចំនួនសិស្សចូលរៀននៅសាលាវេជ្ជសាស្ត្រចំនួន ២,០០០នាក់ ចាប់ផ្តើមនៅឆ្នាំក្រោយ ដោយនិយាយថា វាជាការចាំបាច់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការខ្វះខាតគ្រូពេទ្យ ខណៈប្រជាជនមានវ័យចំណាសកើនឡើងយ៉ាងឆាប់រហ័ស ដែលក្រុមគ្រូពេទ្យអះអាងថា ការបង្កើនចំនួនច្រើនបែបនេះ វានឹងធ្វើឱ្យខូចគុណភាពសេវាកម្មក្នុងវិស័យវេជ្ជសាស្រ្ត។

លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាជាតិ តាមទូរទស្សន៍ថា «តួលេខ ២,០០០នាក់ មិនមែនជាតួលេខចៃដន្យដែលយើងបានបង្កើតមកនោះទេ។ យើងបានពិនិត្យយ៉ាងល្អិតល្អន់នូវស្ថិតិពាក់ព័ន្ធ និងការស្រាវជ្រាវ និងពិនិត្យមើលស្ថានភាពវេជ្ជសាស្ត្របច្ចុប្បន្ន និងអនាគត»។ លោកបាននិយាយថា «ទោះបីការកើនឡើងនេះនឹងមិនឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងតំបន់នៅខាងក្រៅរដ្ឋធានីសេអ៊ូលក៏ដោយ»។

ក្រុមគ្រូពេទ្យរាប់ពាន់នាក់ កំពុងប្រឈមមុខនឹងការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ពួកគេ ប៉ុន្តែលោក Yoon បានជំរុញឱ្យគ្រូពេទ្យត្រឡប់ទៅធ្វើការតាមមន្ទីរពេទ្យរបស់ពួកគេវិញ មុនពេលដំណើរការនេះត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានព្យាយាម និងបរាជ័យជាបន្ដបន្ទាប់ ក្នុងការបង្កើនការចូលរៀននៅសាលាពេទ្យកាលពីកន្លងទៅ ហើយការដើរចេញពីការងាររបស់ក្រុមគ្រូពេទ្យសិក្ខាកាមទាំងនោះ បានបង្កឱ្យមានភាពវឹកវរផ្នែកថែទាំសុខភាពនៅប្រទេសកូរ៉េខាងត្បូងមួយនេះផងដែរ៕

ប្រភព៖ CNA

Share.