ប៉េកាំង៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto បានទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ទី១ ខែមេសា ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការបោះឆ្នោត ហើយត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដែលលោក Parabowo បានប្រាប់លោកប្រធានាធិបតី Xi Jinping ថា លោកមានបំណងបន្តទំនាក់ទំនងជិតស្និទ្ធក្រោមការដឹកនាំរបស់លោក Joko Widodo។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២ ខែមេសា​ ឆ្នាំ២០២៤។

ទូរទស្សន៍ CCTV របស់ចិនបានដកស្រង់សម្តីលោក Prabowo ដែលបាននិយាយថា «លោកគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍទំនាក់ទំនងឥណ្ឌូនេស៊ី-ចិន កាន់តែជិតស្និទ្ធ និងមានបំណងចង់បន្តគោលនយោបាយមិត្តភាពដែលបានបង្កើតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមករបស់ប្រធានាធិបតី Joko ជាមួយប្រទេសចិន បន្ដទៀត»។

លោកបាននិយាយថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ី នឹងជំរុញការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំង២ ហើយជំរុញឱ្យមានលទ្ធផលបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការកាត់បន្ថយភាពក្រីក្រ។

លោក Xi បានពណ៌នាថា លោក Prabowo ជា «មិត្តចាស់របស់ប្រជាជនចិន» ហើយបាននិយាយថា ប្រទេសចិនចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសឥណ្ឌូនេស៊ី ពីទស្សនវិស័យជាយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយឈរត្រៀមខ្លួនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក Prabowo ដែលមានអាយុ ៧២ឆ្នាំរូបនេះ ត្រូវបានឈ្នះការបោះឆ្នោតកាលពីខែកុម្ភៈ ដោយបានបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់លោក Xi Jinping ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំង២ ទោះបីជាលោកនឹងមិនស្បថចូលកាន់តំណែងជាមេដឹកនាំបន្ទាប់នៃប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ រហូតដល់ខែតុលាក៏ដោយ។

ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្តីលោក Xi បាននិយាយនៅក្នុងកិច្ចប្រជុំថា «គន្លឹះនៃសមិទ្ធិផលដ៏មានតម្លៃនៃទំនាក់ទំនងចិន-ឥណ្ឌូនេស៊ី គឺស្ថិតនៅក្នុងការប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្រ្ត ការជឿទុកចិត្តគ្នាទៅវិញទៅមក និងជំនួយទៅវិញទៅមក»។

ដោយឡែក ការសម្រេចចិត្តរបស់លោក Prabowo ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន មុនប្រទេសជិតខាងរបស់ឥណ្ឌូនេស៊ី នៅក្នុងតំបន់នេះ បានគូសបញ្ជាក់អំពីភាពជាដៃគូជិតស្និទ្ធដែលបានបង្កើតឡើងក្នុងរយៈមួយទសវត្សរ៍កន្លងមកក្រោមការដឹកនាំរបស់ Jokowi នៅពេលដែលប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ឥណ្ឌូនេស៊ី ដោយផ្គត់ផ្គង់ធនធានធម្មជាតិរួមទាំងរ៉ែនីកែល និងធ្យូងថ្ម ដែលបានជួយផ្ដល់ថាមពលដល់ប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោក។

សូមជម្រាបថា ប្រទេសចិន ក៏បានវិនិយោគរាប់ពាន់លាននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមទាំងខ្សែរថភ្លើងល្បឿនលឿនរវាងទីក្រុងហ្សាកាតា និងទីក្រុង Bandung ផងដែរ៕

ប្រភព៖ CNA

Share.