ក្រុមមន្រ្តីប្រមាណជាជិត២០០នាក់បានជួបជុំគ្នានៅក្នុងវគ្គបណ្ដុះបណ្ដាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ ដែលបានរៀបចំនៅសណ្ឋាគារសណ្ឋាគារ SUN&MOON Riverside (ទល់មុខអគ្គស្នងការដ្ឋាននគរបាលជាតិ)រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

វគ្គបណ្ដុះបណ្ដាលខាងលើនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសមាសភាពចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ តំណាងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ  ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ រាជធានី ខេត្តទាំង២៥ រួមមាន អភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកការងារអត្រានុកូលដ្ឋាន ឬតំណាង ស្នងការរងទទួលបន្ទុកការងារអត្តសញ្ញាណកម្ម ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងតំណាងអង្គការ Vital Strategies សរុបចំនួន ១៨៧រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា វត្តមានអ្នកចូលរួមនៅថ្ងៃនេះ ជាធនធានដ៏សំខាន់ក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ទៅដល់មន្រ្តីអនុវត្តនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលរួមចំណែកដល់ការកែលម្អការងារអត្តសញ្ញាណកម្ម ជាពិសេសគឺការកែលម្អនូវប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងទៀតថា «ខ្ញុំសូមរំលឹកផងដែរថាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ និងប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខនស/រកម/០៧២៣/០០៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ ការអនុវត្តច្បាប់នេះ គឺនៅរយៈពេល១២ខែក្រោយ ដែលហៅថាកាលបរិច្ឆេទអនុវត្តទូទៅ។ ក្នុងរយៈពេលនេះ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដែលមានដូចជា អនុក្រឹត្យ ប្រកាស ប្រកាសអន្តរក្រសួង សេចក្ដីណែនាំ ជាដើម»

ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ថ្មីនេះ គឺជាការគ្រប់គ្រងទិន្នន័យប្រជាជន ដើម្បីកំណត់ឱ្យបាន “មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ”  និងជាការរួមចំណែកដ៏សំខាន់តាមមាគ៌ារបស់ប្រមុខ​​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កែលម្អប្រព័ន្ធការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ នេះជាការឆ្លើយតបទៅនឹង សេចក្ដីថ្លែងការណ៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកថា ឆ្នាំ២០២៤ គឺជាសករាជនៃអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានបន្ដទៀតថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការគាំទ្រពីអង្គការ Vital Strategies អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីបណ្តុះបណ្តាលតម្រង់ទិសនេះឡើងក្នុងគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

១.   ពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

២.  កសាងសមត្ថភាពគ្រូបង្គោលថ្នាក់រាជធានី ខេត្ត ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ស្របតាមការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យបានចប់សព្វគ្រប់ក្នុងឆមាសទី២ ឆ្នាំ២០២៤ នេះ។

៣.  អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបង្កើតក្រុមការងារ ដើម្បីជួយគាំទ្រដល់រដ្ឋបាលរាជធានីខេត្ត ក្នុងការបន្តផ្សព្វផ្សាយច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៤.   ណែនាំអំពីវិធីសាស្រ្តក្នុងការផ្សព្វផ្សាយច្បាប់ CRVSID ។

៥.   ត្រៀមលក្ខណៈឱ្យ​បាន​ល្អជាស្រេចក្នុងការអនុវត្តតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ដែល​បាន​កំណត់​ក្នុងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម និង​លិខិត​បទដ្ឋាន​ពាក់ពន្ធ័ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស។

Share.