ទីក្រុងបុមបៃ៖ ប្រទេសឥណ្ឌា ទំនងជានឹងជួបប្រទះនូវអាកាសធាតុក្ដៅខ្លាំងជាងធម្មតា នៅចន្លោះខែមេសា និងខែមិថុនា ដោយអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយអតិផរណាស្បៀងអាហារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។

រលកកំដៅសម្រាប់ឆ្នាំទី 3 ជាប់ៗគ្នា អាចបំផ្លាញផលិតកម្មស្រូវសាលី គ្រាប់រ៉េប និងសណ្តែកសៀង ហើយថែមទាំងបង្កើនតម្រូវការថាមពលលើសពីការផ្គត់ផ្គង់ក្នុងរដូវរដូវក្តៅ ខណៈប្រទេសឥណ្ឌា គឺជាប្រទេសផលិតស្រូវសាលីធំជាងគេទី២ របស់ពិភពលោក។

ប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) លោក Mrutyunjay Mohapatra បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងអំឡុងពេលខែមេសាដល់ខែមិថុនា ផ្នែកផ្សេងៗនៃប្រទេសអាចកត់ត្រាពីពីរលកកំដៅក្នុងចន្លោះ១០ ទៅ ២០ថ្ងៃ បើប្រៀបធៀបទៅនឹងរយៈពេលធម្មតាពី៤ទៅ ៨ថ្ងៃ។

អាកាសធាតុខ្លាំង ក៏អាចជះឥទ្ធិពលដល់ការបោះឆ្នោតសភារបស់ប្រទេសឥណ្ឌា ដែលជាការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានប្រារព្ធឡើងក្នុងរយៈពេលជិត ៧សប្តាហ៍ចាប់ពីថ្ងៃទី១៩ ខែមេសា នេះតទៅ ដោយមនុស្សជិតមួយពាន់លាននាក់ នឹងមានសិទ្ធិបោះឆ្នោត ហើយយុទ្ធនាការបោះឆ្នោតបានចាប់ផ្តើមរួចហើយ។ យ៉ាងណា អ្នកគ្រប់អាយុបោះឆ្នោត នឹងត្រូវប្រឈមចំពោះរលកកំដៅ ហើយនឹងត្រូវប្រុងប្រយ័ត្នទៅតាមការណែនាំផ្សេងៗ របស់រដ្ឋាភិបាលឥណ្ឌា។

លោក Mohapatra នៃ IMD បាននិយាយថា នៅក្នុងខែមេសា ជាខែដ៏សំខាន់សម្រាប់ដំណាំដែលសាបព្រោះក្នុងរដូវរងានឹងដល់កាលកំណត់ លើសពីសីតុណ្ហភាពអតិបរមាធម្មតា ទំនងជានៅទូទាំងផ្នែកភាគច្រើននៃប្រទេសផងដែរ។

លោក បានបន្ដថា ភាគច្រើននៃស្រូវសាលីដែលប្រមូលបានក្នុងអំឡុងពេលនេះ គឺនៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេស ខណៈនៅក្នុងរដ្ឋភាគខាងជើង ដំណាំនានាកំពុងចេញផ្លែផ្កា ហើយត្រូវប្រមូលផលនៅពេលក្រោយ។

សូមជម្រាបថា រលកកំដៅបានកាត់បន្ថយការផលិតស្រូវសាលីរបស់ឥណ្ឌាកាលពីឆ្នាំ២០២២ ដោយបង្ខំឱ្យប្រទេសនេះផ្អាកការនាំចេញ។ ទន្ទឹមនោះ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា តម្រូវការថាមពលជាធម្មតាកើនឡើងក្នុងរដូវក្ដៅ ហើយដើម្បីធានាការផ្គត់ផ្គង់ដែលមិនមានការរំខាន កាលវិភាគថែទាំស្ថានីយ៍ផលិតថាមពលត្រូវបានពន្យារពេល ឬត្រូវបានផ្អាករួចរាល់ហើយ។ មន្ត្រីរូបនេះបានបន្ថែមថា ក្រសួងថាមពលរបស់ប្រទេសឥណ្ឌា បានស្នើឱ្យសាជីវកម្មថាមពលកម្ដៅជាតិ (NTPC) ដែលគ្រប់គ្រងដោយរដ្ឋ ធានាការផ្គត់ផ្គង់ឧស្ម័នបន្ថែម ក្នុងករណីមានការកើនឡើងនៃតម្រូវការ៕

ប្រភព៖ Reuters

Share.