​(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ដល់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូរពាណិជ្ជកម្មថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម។

ការថ្លែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងនោះសម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល ទើបបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដើម្បីផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់ការវិនិយោគក្នុងឆ្នាំ ២០២៤ នៅក្នុងខេត្តព្រះសីហនុ។ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលរាជរដ្ឋាភិបាល ទើបតែបានដាក់ចេញ កាលពីពេលថ្មីៗនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជាមជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម, ពាណិជ្ជកម្ម, ធុរកិច្ច​ និងហិរញ្ញវត្ថុ ​ដែលផ្នែកមួយបង្ហាញថាកម្ពុជាបានផ្តល់អាទិភាពខ្ពស់ លើការបង្កើតបរិយាកាសងាយស្រួល ដល់ការធ្វើធុរកិច្ច។

ព្រមជាមួយគ្នានេះ រាជរដ្ឋាភិ​បាល ក៏បាននិងកំពុងរៀបចំការរចនាឡើងវិញនូវតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរពី លក្ខណៈចម្រុះនៃឧស្សាហកម្ម, វិនិយោគិន និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ។

ជាមួយគ្នានេះ សម្តេចធិបតីបានជំរុញឱ្យធុរជនអាស៊ាន និងប្រទេសជា​ដៃគូ​ ចាប់យកកាលានុវត្ត​ភាពដ៏អស្ចារ្យ ពីទិដ្ឋភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ខណៈកម្ពុជាត្រៀមខ្លួនធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិនផងដែរ​៕

Share.