ភ្នំពេញ ៖ លោក ស សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សុក កែវបណ្ឌិត ជាតំណាងអយ្យាការ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ២នាក់ ម្នាក់ៗដាក់ពន្ធនាគារ២០ឆ្នាំ ចំណែក៥នាក់ទៀតរួចផុតបទចោទករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនជិត៨០០ គីឡូក្រាម ។

ជនជាតិចិនទាំងពីរនាក់ ទី១.ឈ្មោះ AN CHI WEI ភេទប្រុសអាយុ៣២ឆ្នាំ។ ទី២.ឈ្មោះ TUAN CHONG YUE ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់ ដាក់ពន្ធនាគារម្នាក់ៗ ២០ឆ្នាំ នឹងពិន័យជាប្រាក់ម្នាក់ៗចំនួន៤០លានរៀល និងហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើដែនដីព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកជនជាប់ចោទ៥នាក់ តុលាការរកឃើញថា មិនបានចូលរួមប្រព្រឹត្តបទល្មើសជាមួយជនជាប់ចោទ ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចឱ្យរួចខ្លួនពីបទចោទ ផ្អែកតាមមាត្រា៣៥០ កថាខណ្ឌទី៣ នៃក្រមព្រហ្មទណ្ឌ។


ចំពោះវត្ថុតាងថ្នាំញៀនប្រភេទកេតតាមីន រថយន្តចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទចំនួន២គ្រឿង ពាក់ព័ន្ធនឹងបទល្មើស ដែលកម្លាំងសមត្ថកិច្ចបានបង្កាបបាន កាលពីអំឡុង ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានសម្រេចរឹបអូស៕

អត្ថបទ៖ ចតុមុខ

Share.