នាយក​ប្រតិបត្តិ​នៃ​សហភាព​សហគមន៍ ព្រះវិហារ​មានជ័យ លោក អឿ សំអាត បាន​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ថា កសិកម្ម​ប្រភេទ​នេះ បាន​ផ្ដល់​នូវ​គុណសម្បត្តិ​យ៉ាង​ច្រើន​ដល់​កសិករ​។ គុណសម្បត្តិ​ទាំង​នោះ​រួម​មាន​៖

ធានា​បាន​ថា កសិករ​បង្កបង្កើន​ផល​កសិកម្ម​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ ត្រង់​ចំណុច​នេះ តាម​រយៈ​ការ​ចងក្រង​ជា​សហគមន៍ ឬ​ក្រុម​សហគមន៍ តំណាង​សហគមន៍​នឹង​មាន​ឱកាស​ជួប​ចរចា​ជា​មួយ​ក្រុមហ៊ុន​រកស៊ី​លើ​ផលិតផល​កសិកម្ម​ដោយ​ផ្ទាល់ មិន​ចាំបាច់​មាន​ឈ្មួញកណ្ដាល ហើយ​ពួក​គាត់​អាច​ពិភាក្សា​គ្នា​អំពី​ទិសដៅ​តម្រូវការ ទំហំ​តម្រូវការ តម្លៃ និង​លក្ខន្តិក​ផ្សេងៗ ដើម្បី​ធ្វើ​កិច្ចសន្យា​រវាង​តំណាង​សហគមន៍​កសិកម្ម និង​ពាណិជ្ជករ​។

ធានា​បាន​នូវ​ស្ថិរភាព​តម្លៃ តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​ជា​មួយ​ពាណិជ្ជករ កសិករ​នឹង​មិន​ចាំបាច់​បារម្ភ​អំពី​គម្លាត​នៃ​ការ​ឡើង​ចុះ​តម្លៃ​ទិន្នផល​កសិកម្ម​ទេ​។ ខុស​ពី​ទីផ្សារ​ឈ្មួញ​កណ្ដាល ដែល​ឡើង​ចុះ​តាម​រដូវ​កាល និង​ឱកាសនិយម​។

មាន​ទិស​ដៅ និង​ផែនការ​ក្នុង​ការ​បង្កបង្កើន​ផល​ច្បាស់លាស់ មិន​ផ្សងព្រេង​ផ្សង​សំណាង និង​មិន​ខ្ជះខ្ជាយ​កម្លាំង ពូជ ជី និង​ដើមទុន​។ ការណ៍​នេះ​បាន​ន័យ​ថា កាលណា​សហគមន៍​កសិកម្ម​ធ្វើ​កិច្ចសន្យា​ជាមួយ​ពាណិជ្ជករ ពួក​គាត់​នឹង​ទទួល​បាន​នូវ​មតិ​យោបល់ និង​ការ​ណែនាំ​ផ្សេងៗ ពី​មជ្ឈដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​កសិករ​ធ្វើ​ការ​បង្កបង្កើន​ផល​ស្រប​ទៅ​តាម​ផែន​ការ​កំណត់​។

កសិករ​មាន​ឱកាស​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ដៃ​គូ​នៃ​កិច្ចសន្យា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត លើ​ផ្នែក​បច្ចេកទេស​ដាំដុះ ថែទាំ និង​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​។ លើស​ពី​នេះ​កសិករ​ក៏​អាច​នឹង​ទទួល​ភាគលាភ​បន្ថែម​លើ​កសិផល​របស់​ពួក​គាត់​ផង​ដែរ​។

លោក​ អឿ សំអាត ន្ថែម​ថា ជាក់​ស្ដែង កសិករ​នៃ​សហភាព​សហគមន៍​របស់​លោក ដែល​ផ្ដោត​ទៅ​លើ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​សរីរាង្គ មិន​ប្រើ​ធាតុ​ចូល​ខាង​ក្រៅ មាន​ជី និង​ថ្នាំ​គីមី​កសិកម្ម​ជា​ដើម ពួក​គាត់​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​ខាង​ពាណិជ្ជករ ដោយ​ទទួល​បាន​កម្រៃ​បន្ថែម ២៤០ ០០០រៀល ឬ៦០ដុល្លារ ក្នុង​មួយ​តោន លើ​តម្លៃ​ដើម​នៃ​ទិន្នផល​។ ឧទាហរណ៍​ថា ស្រូវ​សរីរាង្គ​របស់​គាត់ ១តោន មាន​តម្លៃ ១ ០០០ ០០០ រៀល ដូច្នេះ កសិករ​នឹង​ទទួល​បាន ១ ២៤០ ០០០ រៀល​។

នាយក​ប្រតិបត្តិ​នៃ​សហភាព​សហគមន៍ ព្រះវិហារ​មានជ័យ បញ្ជាក់​ថា ក្រៅ​តែ​ពី​អត្ថប្រយោជន៍ ដែល​កសិករ​ទទួល​បាន ភាគី​ខាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម ដែល​រកស៊ី​លើ​ផលិតផល​កសិកម្ម និង​ជា​ដៃគូ​នៃ​កិច្ចសន្យា ក៏​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផង​ដែរ​។ តាម​រយៈ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ពាណិជ្ជករ​ធានា​បាន​ថា ពួក​គាត់​នឹង​ទទួល​បាន​កសិផល​ដែល​មាន​ប្រភព​ច្បាស់លាស់ បទដ្ឋាន​គុណភាព​ស្រប​តាម​តម្រូវ​ការ ដោយសារ​ការ​បង្កបង្កើន​ផល ធ្វើ​ទៅ​តាម​លក្ខន្តិកៈ​កំណត់​។ មួយ​វិញ​ទៀត ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ពី​កសិករ គឺ​ជា​លក្ខណៈ​បណ្ដុំ និង​បំពេញ​តាម​ចំនួន​ត្រូវការ​។

បើ​យោង​តាម​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ លោក ពឹង ទ្រីដា បច្ចុប្បន្ន​នេះ ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​តម្លៃ និង​ចំណូល​បន្ថែម ព្រម​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​កសិកម្ម​ប្រជាកសិករ​ខេត្ត​ព្រះវិហារ​បាន​ចងក្រង​ជា​សហគមន៍​បាន ៤៣ សហគមន៍ មាន​ប្រមាណ​ជាង​១​ម៉ឺន​គ្រួសារ ក្នុង​នោះ​សហគមន៍​ចំនួន ៣៣ បាន​ចុះ​កិច្ចសន្យា​ជា​មួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​ផលិត​កសិផល​សរីរាង្គ​។

លោក គង់ ពិសិដ្ឋ ប្រធាន​ការិយាល័យ​ចុះ​បញ្ជី និង​ជំរុញ​សហគមន៍​កសិកម្ម នៃ​នាយកដ្ឋាន​អភិវឌ្ឍ​សហគមន៍​កសិកម្ម លើក​ឡើង​ថា កសិកម្ម​កិច្ច​សន្យា​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​កសិករ​ចងក្រង​គ្នា​ជា​សហគមន៍ ដែល​មាន​ទំហំ​ផ្ទៃ​ដី​បង្កបង្កើន​ផល​ធំ ផលិត​បាន​ច្រើន​។

យោង​តាម​លោក គង់ ពិសិដ្ឋ គិត​ត្រឹម​ដើម​ឆ្នាំ ២០២៤ នេះ សហគមន៍​កសិកម្ម ដែល​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត មាន​ចំនួន ១២៤៥ សហគមន៍ ក្នុង​នោះ​សហភាព​សហគមន៍​កសិកម្ម​មាន​ចំនួន ២១។ ប៉ុន្តែ​ក្នុង​ចំណោម ២១ សហភាព​សហគមន៍​កសិកម្ម​នេះ មាន​តែ ៣ ប៉ុណ្ណោះ​ដែល​ក្នុង​នោះ​មាន ២៥៨ សហគមន៍ កំពុង​ដំណើរការ​ទៅ​ដោយ​ភាព​ល្អ​ប្រសើរ គឺ សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ ខេត្ត​ព្រះវិហារ សហភាព​សហគមន៍​គ្រឿងទេស ខេត្ត​ត្បូងឃ្មុំ និង​សហភាព​សហគមន៍​បន្លែ​សុវត្ថិភាព ខេត្ត​បាត់ដំបង​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.