ការប្រកាសឲ្យប្រើប្រាស់ជាផ្លូវការបទវិន័យនគរបាលជាតិកម្ពុជានៅពេលនេះ នឹងធ្វើឲ្យកងកម្លាំងនគរបាលនឹងទទួលបានការគោរពស្រឡាញ់រាប់អាន និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ នេះជាការលើកឡើងរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយប្រកាសស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា នៅក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២ មេសា ២០២៤ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានបង្ហាញទស្សនៈលើការប្រកាសឲ្យប្រើប្រាស់បទវិន័យនគរបាលជាតិថ្មីពេលនេះ ពិតជាមានតម្រូវការចាំបាច់ និងមានសារៈសំខាន់ណាស់ ដើម្បីជាឧបករណ៍គតិយុត្តិសម្រាប់អង្គភាព និងមន្រ្តីនគរបាលម្នាក់ៗយកទៅអនុវត្ត ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធ្វើជាមន្រ្តីនគរបាលល្អ ក្នុងការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនដល់ប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋ។ 

សូមចុចអាន៖ នាយករដ្ឋមន្ត្រី៖រាជរដ្ឋាភិបាល កំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម

ឯកឧត្តម អភិសន្ដិបណ្ឌិត លើកឡើងទៀតថា ការប្រកាសផ្សព្វផ្សាយបទវិន័យនគរបាលកម្ពុជានៅពេលនេះ ធ្វើឡើងសមស្របដែលក្រសួងមហាផ្ទៃ បានដាក់ចេញផែនការកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួនគ្រប់ផ្នែក នៅក្នុងនោះ រួមទាំងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយថ្មីរបស់រាជរដ្ឋាភិបាលថ្មី អាណ្ណតិ្តទី៧ នៃរដ្ឋសភា។

អស់រយៈពេល២៨ឆ្នាំមកហើយ ដែលក្រសួងមហាផ្ទៃបានប្រើប្រាស់ វិន័យរបស់កងកម្លាំងនគរបាល លេខ០០៦ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ១៩៩៥ ដែលវិន័យកម្លាំងនោះ ហាក់មិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន និងអនាគត ទាក់ទងនឹងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ឱ្យស្របតាមការធ្វើទំនើបកម្ម នៃកម្មវិធីកំណែទម្រង់នគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងយុគសម័យឌីជីថល។ ម៉្លោះហើយទើបក្រសួងមហាផ្ទៃ បានណែនាំឲ្យ អគ្គនាយកដ្ឋានធនធានមនុស្ស សិក្សាបទដ្ឋាននានានិងសហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធទាំងអស់ដើម្បីរៀបចំសេចក្ដីប្រកាសស្ដីពីវិន័យក្របខណ្ឌនគរបាលជាតិថ្មី នៅចំណុចសំខាន់ៗដូចខាងក្រោម៖

១.ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យរបស់នគរបាលជាតិឲ្យកាន់តែល្អប្រសើរថែមទៀតពាក់ព័ន្ធទៅនឹងការលើកកម្ពស់ក្រមសីលធម៌ តម្លៃ និងសេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត កិត្តិយសរបស់នគរបាលជាតិ។

២.លើកកម្ពស់ប្រសិទ្ធិភាពការងារនិងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្រ្តីនគរបាលជាតិឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍសភាពពិភពលោក សន្ដិសុខនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ការវិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសកម្ពុជា។

៣.ការលើកកម្ពស់មនសិកាស្នេហាជាតិរបស់កងកម្លាំងនគរបាល ដែលមានភក្ដីភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

៤.ពង្រឹងសមត្ថភាពវិជ្ជាជិវៈ ការធ្វើទំនើបកម្មនៃកងកម្លាំងនគរបាលជាតិនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល

៥.ជាមូលដ្ឋានគតិយុត្តិក្នុងការលើកទឹកចិត្តដល់កងកម្លាំងមន្រ្តីនគរបាលជាតិ ដែលមានស្នាដៃ និងការដាក់ទណ្ឌកម្មឱ្យបានសមស្របចំពោះមន្រ្តីនគរបាលជាតិដែលមិនគោរពវិន័យ។ បន្ថែមលើនេះខ្ញុំសូមទាញចំណាប់អារម្មណ៍ថា ការប្រកាសពីបទវិន័យនគរបាលជាតិដែលត្រូវផ្សព្វផ្សាយនៅពេលនេះ ពិតជាមានតម្រូវការចាំបាច់ និងមានសារៈសំខាន់ណាស់ ដើម្បីជាឧបករណ៍គតិយុត្តិសម្រាប់អង្គភាពនិងមន្រ្តីនគរបាលម្នាក់ៗយកទៅអនុវត្ត ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធ្វើជាមន្រ្តីនគរបាលល្អ ក្នុងការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនដល់ប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋ។

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា បទវិន័យថ្មីនេះជាការឆ្លុះបញ្ចាំងរបត់កំណែទម្រង់របស់កងកម្លាំងនគរបាលជាតិ ក្លាយជាកម្លាំងនគរបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ មានន័យថា មានវិន័យ និងរបៀបរបបក្នុងជួរកងកម្លាំង ដែលមានអាបកប្បកិរយា ឥរិយាបថល្អ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ទាំងក្នុងអង្គភាពក៏ដូចជាសង្គមជាតិ ។

«យោងតាមខ្លឹមសារនិងវិន័យនគរបាលកម្ពុជា ដែលឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ដែលបានធ្វើបទបង្ហាញជូនដល់អង្គពិធីនៅមុននេះបន្ដិច ខ្ញុំសង្ឃឹមថា បន្ទាប់ពីបទបញ្ជាវិន័យកងកម្លាំងនគរបាលជាតិថ្មីត្រូវបានបានប្រកាសផ្សព្វផ្សាយឲ្យអនុវត្តជាផ្លូវការចាប់ពីពេលនេះ កងកម្លាំងនគរបាលជាតិរបស់យើងទាំងអស់នឹងក្លាយជាកម្លាំងដែលប្រកាន់ខ្ជាប់វិន័យ ឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជានគរបាលបម្រើការពារប្រជាពលរដ្ឋ»។ នេះជាការលើកឡើង របស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ។

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បន្ដទៀតថា ឆ្លើយតបនឹងសកម្មភាពខាងលើនេះ កងកម្លាំងនគរបាលនឹងទទួលបានការគោរពស្រឡាញ់រាប់អាន និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ចំណុចនេះសម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងកន្លងមកថា «កងម្លាំងនគរបាលជាតិគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការអប់រំ កែលម្អ អំពីអាកប្បកិរិយា សីលធម៌ វិន័យឱ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករ ប្រកបដោយគុណធម៌ និងមនសិកា»

ឯកឧត្តមអភិសន្ដិបណ្ឌិតបានធ្វើការចាប់អារម្មណ៍ថា ប្រការ ២៥ អាចមានការបត់បែនបាន ពេលដែលកងកម្លាំងស្លៀកសំលៀកបំពាក់នគរបាលជាតិ នៅពេលពាក់អាវុធខ្លីក្នុងស្រោមក្រវ៉ាត់នៅចង្កេះខាងស្ដាំ គឺប្រសិនបើអ្នកប្រើប្រាស់ដៃស្ដាំ ត្រឹមត្រូវ ប៉ុន្ដែអ្នកប្រើប្រាស់ដៃឆ្វេងទម្រាំលូកយកកាំភ្លើងនៅខាងស្ដាំបានត្រូវថ្មោងរបស់គេហើយ ដូច្នេះចំណុចអាចបត់បែនបានតាមដៃរបស់នគរបាលប្រើប្រាស់ បើគាត់ដៃស្ដាំដាក់នៅខាងស្ដាំទៅ បើប្រើដៃឆ្វេងដាក់ខាងឆ្វេងទៅ»។

នៅក្នុងនោះដែរមាត្រា៣២ ចំណុចទី១៨ ថ្វីត្បិតតែកន្លងមកបានធ្វើការដោះស្រាយបានច្រើនមកហើយលើការគេចវេសលើការបោះបង់វគ្គបណ្ដុះបណ្ដាល ដែលថ្នាក់ដឹកនាំ ឬអង្គភាពចាត់តាំង។ «កន្លងទៅយើងមានបញ្ហាមួយចំនួនលើការងារចាត់តាំង ពេលគាត់រៀនចប់គាត់មកវិញចូលនិវត្តន៍ក៏មានដែរ ដូច្នេះត្រូវពិនិត្យឡើងវិញទាំងអង្គភាព សូមចាត់តាំងឲ្យបានត្រឹមត្រូវបំផុត ហើយស័ក្ដិសមនឹងតួនាទីភារកិច្ច ក្នុងនោះចាត់តាំងដែលអ្នកមានជំនាញចំណេះ ក្នុងជំនាញដែលយើងចាត់តាំងបញ្ជូន មិនមែនចាត់តាំងជំនួសអង្គភាពទៅ ដូច្នេះសូមពិនិត្យលើចំណុចនេះ ការចាត់តាំងពិនិត្យលើជំនាញ កម្រិតប៉ុណ្ណា អាយុប៉ុណ្ណា ទៅលើការបណ្ដុះបណ្ដាល…នៅក្រៅប្រទេស»។ ឯកឧត្តម អភិសន្ដិបន្ដិតបន្ថែម។

ឯកឧត្តម អភិសន្ដិបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃបានធ្វើការកំណែទម្រង់ស៊ីជម្រៅជាបន្ដបន្ទាប់ ប៉ុន្ដែគ្រប់ការកំណែទម្រង់ត្រូវធ្វើឲ្យមានស្ថិរភាពនយោបាយ និងផ្ទៃក្នុង ពោលគឺមាននិរន្ដរភាពការងារប្រចាំថ្ងៃ។ 

ចំពោះការដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាល​ណាម្នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអង្គភាពនីមួយៗ ត្រូវរៀបចំបែបបទ និងនីតិវិធីឱ្យបាន​ច្បាស់​លាស់ ត្រឹមត្រូវតាមឋានានុក្រម រួចបញ្ជូនមក អគ្គនាយកដ្ឋាន​ធនធានមនុស្ស ដើម្បីពិនិត្យនិងលើកយោបល់។ ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់ខ្ពស់លើមន្ត្រីនគរបាលសកម្ម និងមានស្នាដៃ គឺត្រូវមានការលើកទឹកចិត្ត តាមរយៈការតែងតាំងមុខតំណែងការដំឡើងឋានន្តរស័ក្ដិ ការផ្ដល់គ្រឿង ឥស្សរិយយស តាមគោលការណ៍កំណត់ ក្នុងនោះដែរក៏ត្រូវយកចិត្ត​ទុកដាក់ផ្ដល់តម្លៃ និងឱកាសដល់និស្សិត  ឬសិក្ខាកាម  ដែលបានបញ្ចប់ការសិក្សាជំនាញនគរបាល ទាំងក្នុងនិងក្រៅប្រទេស។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើបណ្ឌិត្យសភានគរបាលកម្ពុជា បញ្ចូលខ្លឹមសារនៃប្រកាសថ្មីនេះ ទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្ដុះបណ្ដាលនិស្សិត សិក្ខាកាមនិងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ ឱ្យបានយល់ដឹង​អំពី បទវិន័យ​នគរបាល​ជាតិកម្ពុជា ក្នុងន័យរៀបចំឱ្យនគរបាលបន្តវេនថ្មី ប្រកាន់ខ្ជាប់នូវវិន័យ  និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ស័ក្ដិសមជានគរបាលរបស់ប្រជាជន និងត្រូវរៀបចំកិច្ចប្រជុំ​តាមដាន វាយតម្លៃ​ការអនុវត្តជារៀងរាល់៣ខែម្ដងឱ្យបាន​ទៀងទាត់ជាមួយ​អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាល​រាជធានី-ខេត្ត ដោយការវាយតម្លៃ ត្រូវតែផ្អែកលើសូចនាករវាស់វែងជាក់លាក់ ដើម្បីយើងអាចដឹងបានថាតើការអនុវត្តមានប្រសិទ្ធភាពកម្រិតណា? មាន បទវិន័យល្អ ប៉ុន្តែមិនមានការគោរពអនុវត្តពីមន្ត្រីគ្រប់រូបនោះគឺស្មើនឹងអត់វិន័យ៕

Share.