តៃប៉ិ៖ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារភាគខាងកើតរបស់កោះតៃវ៉ាន់ នាថ្ងៃពុធ នេះ ដែលជាអ្វីដែលត្រូវបានគេពិពណ៌នាថាជាកម្រិតរញ្ជួយខ្លាំងបំផុតក្នុងរយៈពេលមួយភាគបួននៃសតវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។

លោក Wu Chien-fu នាយកមជ្ឈមណ្ឌលរញ្ជួយដីនៃទីក្រុងតៃប៉ិ បានប្រាប់អ្នកយកព័ត៌មានថា «ការរញ្ជួយដីនៅទីនេះគឺ ខ្លាំងក្លា និងធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារលើដែនកោះរបស់ខ្លួនក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ខណៈការរញ្ជួយដីកាលពីខែកញ្ញា ឆ្នាំ១៩៩៩ ដែលមានកម្រិត ៧.៦រិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៤០០នាក់។

ការរញ្ជួយដីដែលបានវាយប្រហារភ្លាមៗនៅតៃវ៉ាន់ កើតឡើងមុនម៉ោង ៨នាទីព្រឹក (ម៉ោងក្នុងស្រុក) បានធ្វើឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសជប៉ុន និងហ្វីលីពីនផងដែរ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា រលកយក្សស៊ូណាមិ មានកម្ពស់រហូតដល់ ៣ម៉ែត្រ ត្រូវបានគេរំពឹងទុកភ្លាមៗ នៅឯកោះដាច់ស្រយាលរបស់ប្រទេសជប៉ុនស្ថិតនៅជិតកោះតៃវ៉ាន់ ក្នុងរួមទាំងកោះ Miyakojima ផងដែរ។

ជាមួយគ្នានោះ ទីភ្នាក់ងារព័ត៌មានជប៉ុន NHK បានផ្សាយថា «រលកយក្សស៊ូណាមិនឹងមកដល់។ សូមជម្លៀសខ្លួនចេញជាបន្ទាន់។ កុំឈប់ កុំត្រឡប់ក្រោយឱ្យសោះ»។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា រលកយក្សស៊ូណាមិកម្ពស់ ៣០សង់ទីម៉ែត្រ បានទៅដល់កោះ Yonaguni នៅម៉ោង ៩:១៨នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន)។ ទន្ទឹមនោះ ហ្វីលីពីន ក៏បានព្រមានអំពី «រលកយក្សស៊ូណាមិ» ដ៏ខ្ពស់ដែរ និងបានអំពាវនាវឱ្យមានការជម្លៀសចេញពីតំបន់ឆ្នេរ ទៅរកកន្លែងសុវត្ថិភាពផងដែរ។

ដោយឡែងទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បាននិយាយថា ចំណុចកណ្ដាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយ ១៨គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Hualien របស់តៃវ៉ាន់ ក្នុងជម្រៅ ៣៤.៨គីឡូម៉ែត្រ។

សូមជម្រាបថា គ្រោះរញ្ជួយដីនៅតៃវ៉ាន់ ក៏បានផ្ដាច់ចរន្ដអគ្គិសនីនៅទីក្រុងជាច្រើនផងដែរ។ សារប្រកាសអាសន្ន ដែលបានចេញដោយអាជ្ញាធរបាននិយាយថា «ការររញ្ជួយដីអាចបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលនឹងប៉ះពាល់ដល់តៃវ៉ាន់ផងដែរ។ ការព្រមានអំពីរលកយក្សស៊ូណាមី ត្រូវបានប្រកាស ដើម្បីរំលឹកដល់ប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រឱ្យមានការប្រុងប្រយ័ត្ន»៕

ប្រភព៖ CNA

Share.