វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងនៅឆ្នាំនេះ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ចាប់តាំងពីបានជួបជំនួបក្នុងខែវិច្ឆិកា ដោយលោក បៃដិន ព្យាយាមស្វែករកការគ្រប់គ្រងភាពតានតឹងនានា កុំឱ្យកើនឡើង មុនការស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅខែឧសភា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយ ថា លោក បៃដិន នឹងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ «គោលនយោបាយចិនតែមួយ» របស់ទីក្រុងប៉េកាំង និងបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។​​

លោក បៃដិន និងលោក ស៊ី បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ដើម្បីបើកទំនាក់ទំនងយោធាដោយផ្ទាល់ឡើងវិញ និងសហការដើម្បីទប់ស្កាត់ការផលិតថ្នាំ fentanyl ប៉ុន្តែមេដឹកនាំទាំង២ មិនបាននិយាយគ្នាតាមទូរស័ព្ទ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីជំនួបកាលពីខែវិច្ឆិកា លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានផ្លាស់ប្តូរទស្សនៈរបស់លោកដែលថា លោក ស៊ី គឺជាជនផ្តាច់ការ ដែលជាការអត្ថាធិប្បាយធ្វើឱ្យប្រទេសចិនខឹងសម្បារនោះទេ។

ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងជាមួយនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថ្មីៗនេះបានបន្សល់ទុកនូវពាក្យ «ការបង្រួបបង្រួមដោយសន្តិភាព»។យ៉ាងណា តៃវ៉ាន់ បានជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនរបស់កោះនេះទេ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។

អនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន លោក Lai Ching-te ដែលទីក្រុងប៉េកាំងចាត់ទុកជាអ្នកបំបែកខ្លួនបានឈ្នះតំណែងជាប្រធានាធិបតីកាលពីខែមករា ហើយទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើតៃវ៉ាន់ មុនការស្បថចូលកាន់តំណែងនៅខែឧសភា ខាងមុខ។

ភ្លាមៗក្រោយការប្រកាសពីកិច្ចសន្ទនារវាងលោក បៃដិន និងលោក ស៊ី ជីនពីង អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅប៉ុន្មានសប្ដាហ៍ខាងមុខ បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ក្នុងសប្ដាហ៍នេះ។

សូមជម្រាបថា កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជិត២ម៉ោង ជាលើកដំបូង រវាងលោក បៃដិន និងលោក ស៊ី ជីនពីង កើតមានឡើង មុនពេលលោក ចូ បៃដិន បើកកិច្ចប្រជុំត្រីភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos នៅសប្ដាហ៍ក្រោយ៕

ប្រភព៖ CNA

Share.