សៀមរាប ៖ ស្ថានីយ៍ប្រេងសាវីមិច មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ខណៈដែលរថយន្តដឹកសាំង កំពុងបូមប្រេងដាក់សុីទែន ឆ្លងម៉ូទ័របែកផ្កាភ្លើងឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទីតាំងស្ថានីយប្រេងឥន្ធនៈឈ្មោះ ចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ អាជីវករ រស់នៅកន្លែងកើតហេតុ ចំណែកប្ដីឈ្មោះ ជា សុខ ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារនៅប្រទេសញ៉ូហ្សេឡេន ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ មានរថយន្តដឹកប្រេងសាំងមួយគ្រឿង ចំណុះ៣២០០០លីត្រ ក្នុងនោះប្រេងសាំងមានចំណុះ៨០០០លីត្រ និងប្រេងម៉ាស៊ូតចំណុះ២៤០០០លីត្រ បើកចូលទៅបូមទម្លាក់សាំង ចូលក្នុងសុីទែនរបស់ស្ថានីយ៍ ហើយខណៈដែលកំពុងបូមសាំង ស្រាប់តែឆ្លងចរន្តភ្លើងម៉ូទ័រ បង្កជាអគ្គិភ័យឆាបឆេះសន្ធោឡើង ។ ភ្លាមៗរថយន្តដឹកប្រេងបានបើកចេញពីស្ថានីយ៍ ផ្តាច់ទុយោចោល ហើយរលត់ទៅវិញ តែស្ថានីយ៍វិញ បន្តឆាបឆេះកាន់តែឃ្លាំង រាលដល់ផ្ទះ ដល់ឃ្លាំងស្តុកអីវ៉ាន់ និងឆាបឆេះដល់ផ្ទះអ្នកជិតខាង ។

ហេតុការណ៍ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ទៅជួយអន្តរាគមន៍ ស្ថានីយ៍ប្រេង និងឃ្លាំងត្រូវបានភ្លើងឆេះអស់ទាំងស្រុង របួសកម្មករម្នាក់ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ , ផ្ទះអ្នកជិតខាងមួយខ្នងត្រូវបានភ្លើងឆេះរងខូចខាតអស់ជញ្ជាំងមួយចំហៀង មានម្ចាស់ឈ្មោះ ឡុច លន ភេទ ប្រុស អាយុ៦១ឆ្នាំ រស់នៅកន្លែងកើតហេតុ ។

បន្ទាប់ពីមានកិច្ចអន្តរាគមន៍ ពីបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ភ្លើងរលត់ទៅវិញនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃដដែល ស្ត្រីជាម្ចាស់ស្ថានីយ៍ យំបោកខ្លួន ប៉ុនប៉ងចង់រត់ចូលភ្លើង សម្លាប់ខ្លួន តែត្រូវបានលោក ប្រាក់ សោភ័ណ អភិបាលខេត្ត អាជ្ញាធរ សមត្ថកិច្ច ចាប់ឃាត់លួងលោម ជៀសវាងគិតខ្លីបែបនេះ ។ ដោយឡែករថយន្តដឹកប្រេងមួយគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ តាតុងសែនជ័យ

Share.