ជា​រឿងរ៉ាវ​ដ៏​សែន​សោកសៅ​មួយ​សម្រាប់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កញ្ញា​ Poklook Funthip ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​ នេះ​ថា​អ្នក​ម្ដាយ​ដែល​បាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង​៣​ខែ​កន្លង​មក​នេះ​បាន​ទទួល​អនិច្ចកម្ម​ហើយ​កាល​ពី​រាត្រី​ទី​២១​ ខែ​សីហា​ ឆ្នាំ​២០២១​ កន្លង​ទៅ​។​

អ្នក​ម្ដាយ​របស់​តារា​សម្ដែង​រូប​នេះ​​បាន​ដួល​បោក​ក្បាល​នឹង​ឥដ្ឋ​បណ្ដាល​ឱ្យ​បាត់​ដង្ហើម រហូត​ក្លាយ​ជា​អាការៈ​ Coma នឹង​ត្រូវ​វះកាត់​បូម​ឈាម​ដែល​ស្ទះ​ក្នុង​ខួរក្បាល​ចេញ​ បន្ទាប់​មក​ក៏​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រហូត​មក​។ ទីបំផុត​មច្ចុរាជ​បាន​ឆក់​យក​ជីវិត​របស់​អ្នក​ម្ដាយ​របស់​តារា​ល្បី​រូប​នេះ​ ទាល់​តែ​បាន​ទោះ​ជា​ Poklook ទើប​តែ​ចេញ​មក​ប្រកាស​សុំ​ចែក​ផ្លូវ​ពី​គូស្នេហ៍​តារា​សម្ដែង​ឯក​ដ៏​ល្បី​របស់​ថៃ​ Mike មក​នៅ​ត្រឹម​ជា​មិត្ត​ភក្ដិ​ដើម្បី​ចំណាយ​ពេល​វេលា​​មើល​ថែរក្សា​ព្យាបាល​អ្នកម្ដាយ​ឱ្យ​បាន​ពេញ​ទំហឹង​ និង​មិន​ចង់​ឱ្យ​ខាង​ប្រុស​មក​លំបាក​កើត​ទុក្ខ​ជាមួយ​ខ្លួន​និង​គ្រួសារ​។

Poklook បាន​ផុស​នៅ​លើ​ Instagram របស់​ខ្លួន​ថា​៖ «អ្នក​ម៉ាក់​បាន​លាចាក​លោក​នេះ​ទៅ​យ៉ាង​ស្ងប់​សុខ​ហើយ​កាល​ពី​យប់​មិញ​… សូម​អនុញ្ញាត​ប្រើ​បណ្ដាញ​សង្គម​ផ្ដល់​ជូន​ជា​ព័ត៌មាន​ដល់​គ្រប់ៗ​គ្នា​ដែល​ស្គាល់​អ្នក​ម៉ាក់​ កម្មវិធី​បុណ្យ​​ នឹង​ជម្រាបជូន​លម្អិត​ម្ដង​ទៀត​ គ្រួសារ​យើង​ខ្ញុំ​សូម​អរគុណ​ចំពោះ​សាច់​ញាតិ​ មិត្តភក្ដិ​ ដែល​បាន​ផ្ដល់​ជា​កម្លាំង​ចិត្ត​ និង​អធិដ្ឋាន​ដើម្បី​ឱ្យ​អ្នក​ម៉ាក់​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​រហូត​មក​ សូម​អរគុណ​អស់​ពី​ដួង​ចិត្ត​»។

ក្រោយ​សេចក្ដី​ប្រកាស​រឿងរ៉ាវ​សោកសៅ​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញសង្គម​ មាន​បងប្អូន មិត្ត​ភក្ដិ​ ទាំង​ក្រៅ​និង​ក្នុង​រង្វង់​សិល្បៈ​បាន​ចូល​មក​ Comment លើក​ទឹក​ចិត្ត​និង​រំលែក​ទុក្ខ​យ៉ាង​ច្រើន៕​

Telegram-Troryorng
Share.