សិល្បៈជាតិ​៖ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល មាន​ការ​សម្ដែង​ទំរង់​សិល្បៈល្ខោន​និយាយ​នៅ​ក្នុង​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ហើយ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ជាង​នោះ​​គឺ​វត្តមាន​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​ Universal Woman Pageant កញ្ញា​ Brianna ចូលរួម​សម្ដែង​​ផង​ដែរ​។

បើ​តាម​សេចក្ដី​ប្រកាស​ពី​រាជបណ្ឌិត្យសភា​កម្ពុជា​ នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​បាន​ឱ្យ​ដឹង​ថា​ នឹង​មាន​ការ​សម្ដែង​ល្ខោន​និយាយ​រឿង​ «នេះ​មិន​មែន​សុបិន្ត»​ នៅ​សាលាមហោស្រព​ខេមរវិទូ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ដែល​រឿង​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​សិល្បករ​-សិល្បការនី​ពោរពេញ​ដោយ​បទពិសោធនិង​សមត្ថភាព​ក្នុង​វិស័យ​ល្ខោន​និយាយ​នៅ​កម្ពុជា​ ដូច​ជា​ លោក ណេន ភារិទ្ធ និង​កញ្ញា​ កែវ សុផានិត​។

ក្រៅ​ពី​វត្តមាន​សិល្បករ​ជំនាញៗ​ផ្នែក​ល្ខោន​និយាយ​ហើយ​នោះ​វត្តមាន​របស់​ បវរកញ្ញា Brianna Mai,3rd Runner-up កម្មវិធីសម្រស់ស្រ្តីជាសកល (Universal Woman Pageant) ក៏បានចូលរួមសម្តែងជាអប្សរាស ក្នុងឈុតឆាកមួយនៅក្នុងរឿងនេះ ក៏​កំពុង​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍ជា​ខ្លាំង​ផងដែរ។

បវរកញ្ញានៅក្នុងកម្មវិធីសម្រស់ស្រ្តីជាសកល (Universal Woman Pageant) ដែល​ជា​កូន​កាត់​ខ្មែរ​-​អាមេរិក​ ម្ចាស់​តំណែង​ 3rd Runner-up ក្រៅ​ពី​ប្រកួត​តំណាង​ឱ្យ​ជាតិ​លើ​ឆាក​អន្តរជាតិ​ទទួល​បាន​លទ្ធផល​ល្អហើយ​នោះ​កញ្ញា​ក៏​ជា​គ្រូ​របាំ និង​ជា​អ្នក​របាំ​នៅ​ក្នុង​សមាគម​អង្គរ​បែន​គ្រុប​នៃ​ទីក្រុង​ ឡូវែល​ មួយ​រូប​ដែរ​។

អ្វី​ដែល​​កាន់​តែ​ពិសេស​នៃ​ល្ខោន​និយាយ​ «នេះ​មិន​មែន​សុបិន្ត​» ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​​ឃើញយ៉ាងច្បាស់ពីភាពដ៏មហស្ចារ្យនៃរបាំអប្សរារបស់ខ្មែរ តាមរយៈការចូលសម្តែងពី ក្រុមសិល្បៈឥសីវ៉ូលេ ដែលពោរពេញដោយភាពល្បីល្បាញ​នៅក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ន។

សម្រាប់​បងប្អូន​ដែល​ជាប់​ភារកិច្ច​មិន​អាច​ទៅទស្សនា​ផ្ទាល់​បាន​ អាចតាម​ដាន​ការ​សម្ដែង​រឿង​នេះ តាម​រយៈ​គេហទំព័រហ្វេសប៊ុកនៃរាជបណ្ឌិត្យសភាកម្ពុជា និងគេហទំព័រមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ។​

សូមជំរាបជូន​ថា​ ល្ខោន​និយាយ​រឿង «នេះ​មិន​មែន​សុបិន្ត​» គឺ​ជា​ស្នាដៃ​និពន្ធដោយ​ កញ្ញា ហ៊ួត សុខកន្និដ្ឋា ណែនាំ​សាច់រឿង​និង​ដឹកនាំ​ដោយ​លោក​​បណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ ប្រឹក្សា​អត្ថបទ​និងណែនាំ​ការ​ដឹកនាំ​រឿង​ដោយ​លោក​ ណេត​ ភារិទ្ធ រួម​សម្ដែង​ដោយ​ក្រុម​សិល្បៈ​អង្គរ​ Angkor Dance Troupe នៃ​ទីក្រុង​ឡូវែល​។

Share.