បាត់ដំបង÷ ក្មេងស្ទាវ ២ក្រុមជិះម៉ូតូលឿនដេញវ៉ៃគ្នាលើដងផ្លូវ ក្នុងក្រុងបណ្តាលឲ្យក្រុមជនរងគ្រោះជ្រុលទៅបុករបងសាលាពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ដង្ហើមចង្រិត ២នាក់ វេលាម៉ោងជិត ១២:០០នាទីអធ្រាត្រ ថ្ងៃទី ០២ ឈានចូលថ្ងៃទី ០៣ ខែមែសា ឆ្នាំ ២០២៤ តាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងក្រញូង ក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុបានបន្តថា ដំបូងឡើយគេបានឃើញហ្វូងម៉ូតូចំនួន ២ក្រុម ដោយម៉ូតូខាងភាគីបង្កជិះម៉ូតូ ៣គ្រឿង មានគ្នាចំនួន ៩នាក់ និងភាគីជនរងគ្រោះជិះម៉ូតូ ២គ្រឿងជិះគ្នា ៤នាក់ក្នុងនោះគេបានឃើញប្រដាប់ដោយខ្សែក្រវាត់ និងកំណាត់ដំបង បានធ្វើសកម្មភាពជិះម៉ូតូយ៉ាងលឿនដេញវ៉ៃគ្នា ចុងក្រោយភាគីខាងជនរងគ្រោះលើម៉ូតូមួយគ្រឿងបានជ្រុលចង្កូតទៅបុករបងសាលារៀនទាំងកំរោលបុកប៉ះជាមួយនឹងចម្រឹងដេករបងបណ្តាលឲ្យរបួសដាច់រង្វះមាត់ ច្រមុះ និងផុងលលាក្បាលជាច្រើនកន្លែងដង្ហើមចង្រិតនៅនឹងកន្លែង និងបក្សពួក ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយឡែកក្រុមក្មេងជាជនបង្កដែលជិះម៉ូតូ ៣គ្រឿងមានគ្នា ៩នាក់ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ជាបន្តបន្ទាប់ជាមួយគ្នាដែរ។

ករណីខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា÷ មកទល់ព្រឹកនេះក្រុមក្មេងស្ទាវទាំង ២ក្រុមខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ចំពោះមុខកម្លាំងជំនាញកំពុងតាមដានស៊ើបអង្កេត៕

អត្ថបទ÷ ដំបងក្រញូង

Share.