បន្ទាយមានជ័យ ៖ ទីតាំងស្តុក លក់ សាច់មាន់ចម្រុះមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះឆែកឆេរ និងធ្វើការត្រួតពិនិត្យ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ រកឃើញថា ការនាំចូលសាច់ទាំងនោះពុំមានលិខិតអនុញ្ញាតិ ហើយដកហូតបានជាង៣តោន រួចយកទៅដុតកម្ទេចចោលតែម្តង។

ម្ចាស់ទីតាំងឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការខាងលើ ឃើញថា ធុងទឹកកកចំនួន៤ ផ្ទុកដោយផលិតផល ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់ គ្រឿងក្នុង ចុងស្លាបមាន់ ឈាមមាន់ សរុបទម្ងន់៣១០០គីឡូក្រាម ដែលឈ្នញខាងលើនាំចូល ស្តុក លក់ ពុំមានលិខិតអនុញ្ញាតិ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។

បើតាមម្ចាស់ទីតាំងបានឱ្យដឹងថា សាច់មាន់ ឆ្អឹងមាន់ទាំងនេះ គាត់ទិញតពីឈ្មួញ ដែលនាំចូលពីប្រទេសថៃមកដែរ ដើម្បីស្តុក ចែកចាយ លក់បន្ត។

ក្រោយពីត្រួតពិនិត្យរួចឃើញថា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារជាដាច់ខាត់ ព្រោះវាអាចធ្វើឲ្យពលរដ្ឋទិញយកទៅបរិភោគ ប៉ះពាល់សុខភាព ។

សាច់មាន់ចម្រុះទម្ងន់៣១០០គីឡូក្រាម ក្រោយពីដកហូតបាន នៅល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចចម្រុះ យកទៅដុតកម្ទេចចោល ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.