ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រដ៏ធំមួយនៅឯក្រុមហ៊ុនគីមីមួយកន្លែងនៅក្នុងសង្កាត់ Sangareddy នៃរដ្ឋ Telangana កាលពីថ្ងៃពុធ នេះ ខណៈមនុស្ស ១៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ហេតុការណ៍​នោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន India Today នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។

បើតាមប៉ូលីសក្នុងតំបន់ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះកើតឡើងនៅម៉ោងប្រហែល ៥នាទីល្ងាច ថ្ងៃពុធ ទី៣ ខែមេសា ខណៈកម្មករប្រមាណ ២០នាក់ កំពុងធ្វើការនៅក្រុមហ៊ុនឱសថ SB Organics នេះ។

បើតាមសាក្សីបានប្រាប់ឱ្យដឹងថា ការផ្ទុះនេះកើតឡើងនៅពេលដែលគេលាយសារធាតុគីមី។ យ៉ាងណាម៉ិញ ប៉ូលិស​មិនទាន់​បញ្ជាក់​លម្អិត​អំពី​អ្នក​ស្លាប់ និង​ចំនួន​អ្នក​បាត់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​ នៅឡើយ​ទេ​។

ទន្ទឹមនោះប្រមុខរដ្ឋ Telangana លោក Revanth Reddy បានទៅពិនិត្យប្រតិបត្តិការជួយសង្គ្រោះ និងបានស្នើឱ្យមន្ត្រីធានាឱ្យបាននូវជំនួយផ្នែកវេជ្ជសាស្រ្តឱ្យបានត្រឹមត្រូវ។

លោក បានបញ្ជាឲ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យ ពន្លឿនប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់ ហើយលោកក៏បានណែនាំដល់អាជ្ញាធរក្នុងតំបន់ ផ្តល់ការថែទាំព្យាបាលដល់អ្នករបួសក្នុងឧបទ្ទវហេតុនេះផងដែរ។

ទោះបីជាយ៉ាងណា ក្រុមអ្នកកាសែតមិនអាចទាក់ទងជាមួយក្រុមហ៊ុនខាងលើ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ ខណៈការស៊ើបអង្កេតនឹងចាប់ផ្ដើមឆាប់ៗនេះ៕

ប្រភព៖ India Today

Share.