បាតុភូតអាកាសធាតុ El Nino បាននាំមកនូវអាកាសធាតុក្តៅកាន់តែខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារការប្រែប្រួលនៃសីតុណ្ហភាពផ្ទៃទឹកសមុទ្រ និងខ្យល់បក់បោកលើមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។

អង្គការឧតុនិយមពិភពលោកបាននិយាយកាលពីថ្ងៃទី៥ ខែមីនា ថា ទោះបីជាបាតុភូតនេះបានចាប់ផ្តើមចុះខ្សោយក៏ដោយ វានឹងបន្តជំរុញសីតុណ្ហភាពលើសពីកម្រិតមធ្យមនៅទូទាំងពិភពលោក។

បើតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៅសហរដ្ឋអាមេរិកជាតិ បានឱ្យដឹងថា សីតុណ្ហភាពឡើងដល់ ៤០អង្សារសេ នៅផ្នែកខ្លះនៃប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ខណៈសីតុណ្ហភាពឡើងដល់យ៉ាងតិច ៣៥អង្សារសេ នៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន ក្នុងសប្តាហ៍ទី១៧ ដល់ថ្ងៃទី ២៣ ខែមីនា។

សាលារៀននៅប្រទេសសិង្ហបុរី ហ្វីលីពីន បានបន្ធូរបន្ថយពេលវេលាការសិក្សា ប្ដូរមកសិក្សាតាមអនឡាញ អនុញ្ញាតឱ្យសិស្សស្លៀកសំលៀកបំពាក់កីឡា រហូតដល់មានការជូនដំណឹងបន្ថែម ខណៈព្រះវិហារមួយកន្លែងនៅទីក្រុងហូជីមិញ របស់វៀតណាម បាននឹងកំពុងចែកទឹកកកដោយឥតគិតថ្លៃដល់អ្នកដំណើរឆ្លងកាត់ ដើម្បីជួយកាត់បន្ថយកំដៅ បំបាត់ស្រែកទឹក។

ដោយឡែក បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយជាតិម៉ាឡេស៊ី បានឱ្យដឹងថា ពេលនេះកងកម្លាំងប្រដាប់អាវុធ កំពុងពិចារណាអនុវត្តការបណ្ដុះពពកសិប្បនិម្មិតនៅតំបន់មួយ ដើម្បីជួយដោះស្រាយបញ្ហាការកើនឡើងកំដៅ។ ខណៈទីជនបទមួយចំនួននៅម៉ាឡេស៊ី ប្រឈមនឹងហានិភ័យខ្ពស់នៃការខ្វះខាតទឹកប្រើប្រាស់ ហើយទិន្នផលផលិតកម្មធ្លាក់ចុះទាប។

នៅក្នុងប្រទេសថៃ អាជ្ញាធរបាននិយាយកាលពីថ្ងៃទី១ ខែមេសា ថា សីតុណ្ហភាពអាចឡើងដល់ ៤៣អង្សារសេ ឬដល់ ៤៤.៥អង្សារសេក្នុងខែខាងមុខនេះ។ យ៉ាងណាក៏ដោយ នាយកដ្ឋានឧតុនិយមថៃ បានប្រាប់ប្រជាជនឱ្យដឹងថា សីតុណ្ហភាពអាចនឹងកើនឡើងប្រហែល ៣០ភាគរយ ខ្ពស់ជាងពេលធម្មតា។ អាកាសធាតុ​ខ្លាំង​ក៏​កំពុង​ប៉ះពាល់​ដល់​កសិករ​ក្នុង​តំបន់​ដែរ ដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង និង​ការ​ផ្គត់ផ្គង់​ទឹក​បាន​ថយចុះ​បាន​បំផ្លាញ​ផ្ទៃដី​កសិកម្ម​ជា​ច្រើន​កន្លែង។

ជាមួយគ្នា ក្រុមមន្ត្រីនៅប្រទេសវៀតណាម បាននិយាយថា ប្រទេសវៀតណាមភាគខាងត្បូង នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ បានទទួលរងនូវរលកកំដៅដ៏យូរនៅក្នុងខែកុម្ភៈ។ គ្រោះរាំងស្ងួតជាលទ្ធផលបានបង្កការលំបាកដល់ប្រជាកសិករក្នុងការដឹកជញ្ជូនដំណាំរបស់ពួកគេ ដោយសារកម្រិតទឹកទាបនៅក្នុងប្រឡាយក្នុងតំបន់។

ទន្ទឹមនឹងនេះ ការព្រួយបារម្ភអំពីកង្វះខាតស្រូវដោយសារអាកាសធាតុក្ដៅស្ងួតបាននាំឱ្យប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក្នុងខែធ្នូ ឆ្នាំ២០២៣ បញ្ជាឱ្យយោធាចូលរួមសកម្មភាពកសិកម្ម និងប្រើប្រាស់ដីយោធាទំនេរសម្រាប់ដាំក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក និងទប់ស្កាត់ការកើនឡើងនៃតម្លៃផលិតផលកសិកម្ម។ .

អ្នកជំនាញការបម្រែបម្រួលអាកាសធាតុ និងជាអតីតប្រធានទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានណែនាំប្រជាជនឱ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះសញ្ញាព្រមានជាមុនរបស់រដ្ឋាភិបាលរបស់ពួកគេចំពោះការឡើងកំដៅសីតុណ្ហភាពខ្លាំង។ អ្នកជំនាញខាងលើបានប្រាប់សាធារណជនឱ្យសន្សំសម្ចៃទឹក និងណែនាំក្រុមហ៊ុនឱ្យឈប់សម្រាកសម្រាប់កម្មករដែលប្រឈមនឹងអាកាសធាតុក្តៅក្នុងអំឡុងពេលម៉ោងធ្វើការ។

ជារួមអ្វីដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវរួមគ្នាធ្វើ គឺត្រូវបង្កើតវិធានការដើម្បីសម្របខ្លួន និងបង្កើតភាពធន់ រួមទាំងចូលរួមដាំដើមឈើ សម្អាតបរិស្ថាននានា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕

ប្រភព៖ The Nation

Share.