ភ្នំពេញ៖  ជនជាតិវៀតណាម ៤នាក់ នឹងបក្ខពួកត្រូវបានតំណាងអយ្យការចោទប្រកាន់៤បទល្មើសបទ ផលិត រក្សាទុក នឹងជួញដូរ និងសម្អាតប្រាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ១២គីឡូក្រាម។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យថា នៅពីថ្ងៃទី០៤ ខែមេសាឆ្នាំ២០២៤នេះថា ជនជាតិវៀតណាម៤នាក់ នឹងបក្ខពួក ត្រូវបានតំណាងអយ្យការចោទប្រកាន់៤បទល្មើស ពីបទផលិត រក្សាទុក នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នឹងសម្អាតប្រាក់។

ជុំវិញការណ៍បង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនឆ្លងដែន (ក១០) នៅចំណុចទីតាំងទី១ បណ្តោយផ្លូវ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នឹងទីតាំងទី២ នៅបន្ទប់លេខ៥០៣ ជាន់ទី៥ អាផាតមិនភ្នំពេញស្តារ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅចំណុចទីតំាងទី៣ បន្ទាប់លេខ១៣A ជាន់ទី១៣ ខុនដូរអ័ររៀនរិត ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនត្រូវចោទទាំង៤នាក់ ទី១.ឈ្មោះ ង្វៀង កាវយូយ ភេទប្រុស ជនជាតិវៀតណាម ២៨ឆ្នាំ។ ទី២.ឈ្មោះ ង្វៀង ម៉ាយសុងហៀន ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត២២ឆ្នាំ។ ទី៣.ឈ្មោះ ង្វៀង ហ៊យយី ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត៣៤ឆ្នាំ។ ទី៤.ឈ្មោះ ង្វៀង យីតាំ ភេទប្រុស ជនជាតិវៀតណាម អាយុ២៩ឆ្នាំ។

ក្នុងប្រតិបត្តិការណ៍បង្រាប កម្លាំងជំនាញដកហូតគ្រឿងញៀនប្រភេទ កេតាមីនទម្ងន់ ១១៤៤ ក្រាម និងគ្រឿងញៀន នីមេតាហ្សេប៉ាម ទម្ងន់ ២០៣២ ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ៣១៧៦ ក្រាម (៣គីឡូ និង១៧៦ក្រាម)។ ជាមួយគ្នានេះ ក៏មានសារធាតុគីមីផ្សំទម្ងន់ ៨៤៥៨ ក្រាម (៨គីឡូ ៤៥៨ក្រាម) និងឧបករណ៍កែច្នៃមួយចំនួនធំផងដែរ៕

អត្ថបទ៖ ចតុមុខ

Share.