ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ុងហ្គោលី ​នឹង​ធ្វើដំណើរ​មក​កាន់​ទឹក​ដី​កម្ពុជា ដើម្បី​​សាក​ជើង​ជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា នាដើមខែមិថុនា ឆ្នាំ ២០២៤​ខាង​មុខ​នេះ ក្នុង​ជំនួប​មិត្តភាពអន្តរជាតិ។

នេះ​ក៏​ជា​ការប្រកួតក្នុងដីលើកដំបូងក្នុងឆ្នាំ២០២៤ ដែល​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា នឹង​រៀប​ចំ​ការ​ប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly Match” រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នាវេលាម៉ោង ១៨:៣០នាទី នៅពហុកីឡដ្ឋានជាតិ។

ងាក​មក​​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ គិត​ត្រឹម​ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២៤​ កម្ពុជា​ធ្លាក់ទៅឈរ​ចំណាត់ថ្នាក់​លេខ​១៧៩​ ក្រោយ​បរាជ័យ ២ប្រកួតជួប​ៗគ្នា​នៅ FIFA Series 2024។ ដោយ​ឡែក​សម្រាប់ ក្រុម​ម៉ុងហ្គោលី វិញ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៩១ ថយចុះ​ ១​ចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន ដូច​កម្ពុជាដែរ។

គួរបញ្ជាក់ថា ជំនួប​មិត្តភាព​នេះ ក៏​ជា​ការ​បើក​អោយ​អ្នក​ទាំង​ចូល​អង្គុយ​ទស្សនា​ជា​លើក​ដំបូង​ក្រោយ​ពេល​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបំពាក់កៅអីមានបង្អែកថ្មី ដែល​ស្រប​តាម​ស្តង់​ដា​គោល​ការ​ណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរ ហើយទីតាំងនេះ អាចផ្ទុកទស្សនិកជន ចូល​រួមទស្សនាសរុបចំនួន ៣០,០០០នាក់៕

Share.